ក្លឹបកំសាន្ត «EPIC» សាខាទី២ប្ដេជ្ញាលើកកម្ពស់វិស័យកំសាន្តនៅក្នុងប្រទេសកម្ពុជា ឲ្យមានលក្ខណៈស្ដង់ដារអន្តរជាតិ
ភ្នំពេញ៖ ក្លឹបកម្សាន្ត «EPIC» បានពង្រីកសាខាទី២របស់ខ្លួនបន្ថែមទៀតនៅសួនដ៏ប្រណិត Eden Darden ក្នុងតំបន់បឹងកក់ ដើម្បីពង្រឹងលើសេវាកម្មកំសាន្តក្នុងប្រទេសកម្ពុជា ឲ្យមានលក្ខណៈស្ដង់ដារអន្តជាតិ និងបានប្ដេជ្ញាចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលត្រូវបានគេមើលឃើញថា អាចស្រូបបានកម្លាំងពលកម្មរាប់រយនាក់ឯណោះ។ លើសពីនេះ ក្នុងការរួមចំណែកជួយដល់ការងារសង្គម និងមនុស្សធម៌ជាច្រើន ពីបុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់ ជាមួយនឹងការសម្អាតទីក្រុងស្អាត មានការបរិច្ចាគជាប្រចាំ ដល់មន្ទីរពេទ្យកុមារ និងមណ្ឌលកុមារកំព្រាជាដើម ។
ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានមួយ មុនពេលត្រៀមបើកដំណើរការសាខាទី២របស់ «EPIC» នៅរសៀលថ្ងៃទី៥ ខែកក្កដានេះ លោក ម៉ត ច័ន្ទរស្មី អ្នកគ្រប់គ្រងទូទៅប្រចាំក្លឹប «EPIC» បញ្ជាក់ថា នៅពេលយើងបង្កើតក្លឹប «EPIC» ចក្ខុវិស័យរបស់យើង គឺដើម្បីលើកកម្ពស់ វិស័យកំសាន្តនៅកម្ពុជា ឲ្យកាន់តែមានកម្រិតស្តង់ដារអន្តរជាតិ ដោយការនាំមកនូវផ្នែក ប្រព័ន្ធសំឡេងដែលមានគុណភាពខ្ពស់បំផុត និងប្រព័ន្ធភ្លើងបំភ្លឺរួម ជាមួយនឹងអគារដែលបាន រចនាឡើងដោយស្ថាបត្យកម្មចុងក្រោយបង្អស់ បង្កើតឲ្យបរិយាកាសក្លឹបមានសភាពល្អដាច់គេ។
លោកបន្តថា ជាមួយគ្នានេះ ក្រុមការងាររបស់យើងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួម ចំណែកនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដែលរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការផ្ដល់ការងារដល់ប្រជាពលរដ្ឋ និងរួមចំណែកទំនួលខុសត្រូវសង្គមរបស់យើង ។ គោលដៅរបស់យើង គឺនឹងរក្សាគុណតម្លៃ របស់យើង ដែលយើងបានអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបន្តផ្តោតលើ គុណភាពខ្ពស់នៃការរចនាប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាព និងបន្តគាំទ្រសិល្បករ ដែលមានទេពកោសល្យ និងនាំយកតារាអន្តរជាតិ សម្រាប់បងប្អូនខ្មែររបស់យើង។
លើសពី នេះទៅទៀត អ្នកគ្រប់គ្រងទូទៅប្រចាំក្លឹប «EPIC» រូបនេះបានសង្កត់ធ្ងន់ថា យើងយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាកម្ម និងការបង្កើតបរិយាកាសកំសាន្តប្រកបដោយសុវត្ថិភាពបំផុត សម្រាប់អតិថិជនខ្មែរទាំងអស់ ហើយថា ក្លឹប «EPIC» ប្ដេជ្ញាយ៉ាងខ្លាំងក្នុងការគាំទ្រដល់ DJ និងអ្នកចម្រៀងក្នុងស្រុកដែលមានទេពកោសល្យ៕