អភិបាលខេត្តព្រះសីហនុ រៀបចំបាយសាមគ្គីជាមួយក្រុមកីឡាករ អ្នកសារព័ត៌មាន អ្នករត់ម៉ូតូឌុប និងអង្កការសង្គមស៊ីវិល

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានរៀបចំអាហារសាមគ្គី ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីៗជាច្រើនដែលបាននិងកំពុងកើតឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយការកើតឡើងនូវសមិទ្ធផលទាំងនេះ  គឺដោយសារមានការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន កីឡាករ កីឡាការិនី សមាគមម៉ូតូឌុប អង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធនានានៅក្នុងក្រុងព្រះសីហនុ ។
  
ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះយើងបានរួមគ្នាបង្កើតបាននូវសមិទ្ធផលជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ រួមមាន៖ សណ្ឋាគារ ខុនដូរ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលយើងទាំងអស់គ្នារួមគ្នាជម្នះគ្រប់ឧបសគ្គ ដើម្បីកសាង និងអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ដោយមើលឃើញនូវការខិតខំរួមគ្នារបស់បងប្អូនយើង ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល ពិសេសគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ  ការជួបជុំអាហារសាមគ្គីនៅថ្ងៃនេះ គឺដើម្បីបង្កើនភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព ក្នុងលក្ខណៈជាក្រុមគ្រួសារតែមួយ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ របស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
  
ឯកឧត្តម យន្ត មីន  ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្រ្ត និងថ្នាក់ដឹកនាំប្រទេសជាតិ បន្តសុខសន្តិភាព  ភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៅទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner