ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយគ្រឿងបន្ថែមទៀត ក្នុងខេត្ត កំពង់ធំ ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតក្នុងសហគមន៍នៅប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងទេសចរណ៍បានរួមគ្នាដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងទៀតស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការទទួលបានទឹកស្អាត។ ប៉ម ចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ  អ្នកគ្រូ ប្រមាណជាង១.១៤០នាក់ និងប្រជាពលរដ្ឋប្រមាណជាង១.៨៦៨នាក់ដែលរស់នៅក្នុងសហគមន៍ ក្បែរនោះផងដែរ ។

នេះគឺជាប៉មចម្រោះទឹកស្អាតទី៧ហើយ ដែលត្រូវបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន៨ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ និង ២០១៧ កន្លងទៅ ក្រោមកិច្ចសហការជាមួយ មូលនិធិ Planet Water។  ក្រុមហ៊ុនកូកា-កូឡានឹងបន្តផ្តល់ប៉មចម្រោះទឹកស្អាត ចំនួន១បន្ថែមទៀតនៅ សម្រាប់គម្រោងឆ្នាំ២០១៨នេះ  ហើយគម្រោងសាងសង់ប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខទៀត ។

លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានមានប្រសាសន៍៖ កូកា-កូឡាមានមោទកភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំ មកហើយ  ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយ និរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយនិរន្តភាពនេះ។

លោកបានបន្ត ក្រុមហ៊ុនកូកា-កូឡា មានគោលបំណងផ្តល់ទឹកត្រឡប់ទៅសហគមន៍ និងធម្មជាតិវិញនូវបរិមាណទឹក ដែលបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈសំរេចរបស់យើង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ និង២០១៧កន្លងទៅនេះ យើងបានសាងសង់ប៉មចម្រោះទឹកស្អាតចំនួន៨គ្រឿង និងបានផ្តល់ទឹកស្អាតចំនួន ៤,៧ លានលីត្រ (បួនលានប្រាំពីរសែនលីត្រ) សម្រាប់ប្រជាសហគមន៍ប្រមាណជាង២០.០០០នាក់។ តួលេខនេះត្រូវបានរំពឹងថា  នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ  ដោយការដំឡើងប៉មចម្រោះទឹកស្អាតចំនួន៨បន្ថែមទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner