មនុស្សស្លាប់ និងកំពុងបាត់ខ្លួនជាង៥០នាក់ ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ
ថៃ៖ សារព័ត៌មានថៃបានរាយការណ៍ថា ហេតុការណ៍លិចទូកទេសចរណ៍ចំនួនពីរគ្រឿងនៅឯឆ្នេរសមុទ្រ ស្ថិតក្នុងខេត្តភូកេត ដោយសាររលកកម្ពស់ដល់ទៅ៥ម៉ែត្រ ដែលបង្កឡើងដោយខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍ត ម្សិលមិញនេះ ក្រុមអ្នកជួយសង្រ្គោះថៃបានរកឃើញសាកសពភ្ញៀវទេសចរម្នាក់ និងកំពុងតាមស្វែងរកមនុស្ស៥៣នាក់ ផ្សេងទៀតដែលបានបាត់ខ្លួន។
ជុំវិញករណីសោកនាដកម្មនេះ ក្រុមអាជ្ញាធរថៃបានអះអាងថា អាជ្ញាធរធ្លាប់បានព្រមានពីគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយសារខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ប៉ុន្តែទូកទាំងពីរខាងលើនេះ នៅតែចេញដំណើរទៅសមុទ្រដដែល។ ទូកទាំងពីរគ្រឿងនេះដែរ បានដឹកភ្ញៀវទេសចរចិន១២៧នាក់ ក្នុងនោះរួមមានសមាជិកក្រុមអ្នកទេសចរ៣៦នាក់មកពីខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន បានក្រឡាប់លិចកាលពីល្ងាចថ្ងៃព្រហស្បតិ៍ត នៅឯឆ្នេរសមុទ្រក្នុងខេត្តភូកេត ដោយសាររលកកម្ពស់ដល់ទៅ៥ម៉ែត្រ ដែលបានបង្កឡើងដោយខ្យល់ព្យុះ ។
អគ្គស្ថានកុងស៊ុលចិន ប្រចាំខេត្តសុងក្លា បានបញ្ជាក់ផងដែរថា សាកសពភ្ញៀវទេសចរ ដែលស្រង់ចេញពីទឹក គឺជាជនជាតិចិនម្នាក់ គឺស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរចិន៥០នាក់ដែលបានបាត់ខ្លួន ស្របពេលដែលមនុស្ស៧៦នាក់ ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។ រហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះថៃបាននឹងកំពុងព្យាយាមស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនបន្ថែមទៀត៕