ប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាជារៀងរហូត
កណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនកម្ពុជា ជារៀងរហូត ដោយបក្សបានជ្រោងទង់ស្នេហាជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យកសាងមូលដ្ឋាន និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាជារៀងរហូត ។
ឯកឧត្តមប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាឃុំទី១៨ចុងក្រោយបង្អស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ ដែលមានស្ថេរភាពរឹងមាំ ព្រោះគណបក្សប្រជាជនកម្ពុជា បានកើតចេញពីបុព្វហេតុរបស់ជាតិ និងប្រជាជន ម្យ៉ាងទៀត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានចងក្រងគោលនយោបាយតម្រង់ទិសសម្រាប់ជួយរំដោះជាតិ និងប្រជាពលរដ្ឋចាប់តាំងពីសម័យអាណានិគមន៍ រហូតបានរំដោះប្រទេសជាតិឱ្យរួចផុតពីការកាប់សម្លាប់។
ឯកឧត្តម ជាប ដាវុធ បានបន្តថា ស្នាដៃដ៏ធំធេងក្នុងប្រវត្តិសាស្រ្តនេះ ជាស្នាដៃដែលប្រជាជនកម្ពុជាគ្រប់រូប តែងតែបានកត់សម្គាល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅជាមួយប្រជាជន ផ្ដល់សច្ចធម៌ជាប្រវត្តិសាស្រ្ត។ ជាក់ស្ដែង គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ដំណាក់កាល ព្រោះសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា បានបន្តចូលរួមអភិវឌ្ឍន៍ ដោយមោទកភាពជាមួយគោលនយោបាយ និងប្រវត្តិដ៏វែងឆ្ងាយរបស់គណបក្សប្រជាកម្ពុជាផងដែរ។ ដូចនេះដើម្បីបន្តនូវគោលការអភិវឌ្ឍ ប្រជាជនទាំងអស់ត្រូវចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះទាំងអស់គ្នា ដើម្បីរួមគ្នាកសាងប្រទេសជាតិយើងបន្ត៕