ប្រជាពលរដ្ឋងាយរងគ្រោះ១៩៦គ្រួសារ នៅស្រុកប្រាសាទសំបូរ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ចំនួន១៩៦គ្រួសារ នៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។ សម្តេចបានលះបង់ជាច្រើនទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល សុខដុមរម្យនាសម្រាប់ប្រជាជាតិទាំងមូល។
ឯកឧត្តម បន្តថា ភាពក្រីក្រ ប្រទេសណាក៏មានភាពដែរ ប៉ុន្តែទោះយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយគ្មានអាហារហូបនោះទេ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ ឃុំ សង្កាត់ គឺជាអ្នកដែលនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋខិតខំថែរក្សាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត។
ឯកឧត្តម បានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឲ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនរកទទួលទានដោយខ្លួនឯងបន្ថែមទៀត ទើបធ្វើឲ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងវិញទៀតត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ចាត់ទុកទាំងអស់គ្នាជាគ្រួសារតែមួយ។ ក្នុងនោះ ឯកឧត្តមបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យជួយសម្រួលដល់ប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ពិសេសចាស់ជរា កុមារកំព្រា ស្ត្រីម៉េមាយ ទុរគតជនជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានជម្រាបពីដំណើរការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់ និងផ្តាំផ្ញើរបងប្អូនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងធ្វើការប្រើប្រាស់សិទ្ធិក្នុងការជ្រើសរើសថ្នាក់ដឹកនាំទាំងអស់គ្នា។
ចុងក្រោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងឃីតមួយកញ្ចប់ ដល់ប្រជាពលរដ្ឋទាំង១៩៦គ្រួសារផងដែរ។ ដោយ ប៊ុន រដ្ឋា