អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទទួលផ្ទះសរុប៨៣ខ្នងផ្ទះ
ខេត្តកំពង់ធំ៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងការចុះដឹកនាំណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា។
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រោមការដឹកនាំណែនាំដោយផ្ទាល់ពីឯកឧត្តមជា ម៉ន មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីដឹងគុណចំពោះអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់គ្រប់គ្រង និងស្វែងយល់អំពីជីវភាពរបស់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងរស់នៅតាមមូលដ្ឋានក្នុងខេត្ត។
ឆ្លងតាមការគ្រប់គ្រងយ៉ាងម៉ត់ចត់ និងការស្វែងយល់ដោយផ្ទាល់ របស់ប្រធានសមាគម រួមជាមួយថ្នាក់ដឹកនាំសមាគមនៅគ្រប់លំដាប់ថ្នាក់ សមាគមបានស្រាវជ្រាវរកបងប្អូនអតីតយុទ្ធជនយើងមួយចំនួនកំពុងជួបការលំបាកខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជម្រកស្នាក់នៅផងដែរ។ ជាក់ស្តែងបន្ទាប់ពីសមាគមអតីតយុទ្ធជនខេត្តបានស្រាវជ្រាវរកឃើញ និងបានដំណើរការសាងសង់ផ្ទះ ប្រគល់ជូនអតីតយុទ្ធជនរួចហើយ ដែលគិតមកដល់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨នេះ បានចំនួន៨៣ ខ្នងផ្ទះ ដែលពួកគាត់មានដី តែមានផ្ទះមិនសមរម្យ ឬមានដីតែគ្មានផ្ទះរស់នៅ ហើយបច្ចុប្បន្ននេះសមាគមអតីតយុទ្ធជនខេត្ត បានកំពុងបន្តកសាងផ្ទះជូនអតីតយុទ្ធជនចំនួន០៣ខ្នងទៀតដែលនឹងរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្រៅពីអតីតយុទ្ធជនដែលមានដីគ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ សមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ រួមជាមួយអជ្ញាធរដែនដីកំពុងរៀបចំដីសម្បទានសង្គមកិច្ចខេត្ត បែងចែកជូនពួកគាត់នឹងសាងសង់ផ្ទះជូនគាត់ដែលគ្មានដី គ្មានផ្ទះ ចំនួន១៦៩គ្រួសារ ទៀតនៅពេលខាងមុខ។ ដោយឡែកអតីតយុទ្ធជនដែលជាសមាជិកសមាគមបន្ទាប់ពីគាត់ទទួលមរណភាព ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជននាំយកថវិកាសមាគមចំនួន ៤,០០០,០០០ រៀលក្នុង ០១ សព យកទៅជូនក្រុមគ្រួសារគាត់នៅតាមគេហដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ក្នុងពេលធ្វើពិធីបុណ្យសព ឬយ៉ាងយូរបំផុតមិនឲ្យហួសពីបុណ្យ៧ថ្ងៃ។
ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលមិនគិតពីថ្ងៃឈប់សម្រាក និងមិនគិតការនឿយហត់នេះ បានធ្វើឲ្យសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លែងឯកោ ហើយកាន់តែមានភាពកក់ក្តៅ និងមានការជឿជាក់ មានមោទនភាព និងគាំទ្រដល់ការដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជាយើង ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕