ពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម និងការជួបពិភាក្សាក្នុងគោលបំណងចែករំលែកនូវព័ត៌មានទីផ្សារអំពីបរិមាណតម្រូវការ និងបរិមាណផ្គត់ផ្គង់ទៅវិញទៅមក និងធ្វើធុរកិច្ចជាមួយគ្នាដើម្បីធ្វើឲ្យគម្រោងជំរុញផលិតកម្មស្បៀងនៅខេត្តកណ្តាលកាន់តែមានដំណើរការល្អ
កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម រយៈពេល២ថ្ងៃ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលចាប់ពីថ្ងៃទី ៥ ដល់ទី ៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីតាំងច្រមុះជ្រូកសួនច្បារមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ថ្លែងក្នុងពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពី មួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ និន្នាការ និងទម្លាប់នៃការហូបចុកក៏មានការប្រែប្រួលដោយប្រជាជនបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ភាពចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់ បន្ថែមពីនេះគឺមានចំនួនទេសចរណ៍កើនឡើងជាលំដាប់។ ប៉ុន្តែការផលិត និងផ្គត់ផ្គង់បន្លែមានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារជាការងារចាំបាច់បំផុតដែលត្រូវសហការគ្នាសម្រេចឲ្យបានគោលដៅនេះ។
ឆ្លើយតបនឹងបញ្ហាដែលកំពុងជួបប្រទះខាងលើនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀតសំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជរូបនីយកម្ម កសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម។ ពោលគឺការការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើប្រាស់បច្ចេកទេសទំនើប ប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃ កសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារ។
ឯកឧត្តម គង់ សោភ័ណ អភិបាលរងខេត្តកណ្តាលបានផ្តល់អនុសាសន៍ដល់កិច្ចពិភាក្សា ពិសេសមន្ទីរកសិកម្មខេត្តត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលមុខជំនាញបច្ចេកទេសថ្មីៗដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ដីកសិកម្មថ្នាំកសិកម្ម ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសតាមស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ជំរុញការរៀបចំសហគមន៍អភិវឌ្ឍន៍កសិកម្មឲ្យមានទ្រង់ទ្រាយធំដូចជាសហភាព និងសហព័ន្ធកសិកម្ម ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាលដោយយន្តការផលិតកម្មតាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ។ ឯកឧត្តម បន្ថែមទៀតថា ត្រូវបង្កើនគុណតម្លៃ និងនិរន្តភាព បរិមាណផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ។ ជាពិសេសកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់គៀងគររកដៃគូរអភិវឌ្ឍនានា អង្គការ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ មន្រ្តីជំនាញត្រូវខិតខំសិក្សាបន្ថែមផ្នែកជំនាញបច្ចេកទេស និងភាសាបរទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការវិវឌ្ឍរបស់សហគមន៍ជាតិ និងអន្តរជាតិ ។
គួររលឹកផងដែរថា ខេត្តកណ្តាលមានស្រុកចំនួន៦ដែលទទួលអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជាហើយស្រុកទាំង៦ បានផ្តោតទៅលើផលិតកម្មបន្លែ និងផលិតកម្មស្រូវក្រអូប។ ឆ្នាំ២០១៧កន្លងមក គម្រោងចងក្រងក្រុមកសិករបន្លែសុវត្ថិភាពចំនួន១៤ក្រុមមានសមាជិក ១៨៤គ្រួសារផ្នែកផលិតកម្មត្រូវពូជមាន ១ សហគមន៍មានផ្ទៃដីផលិត ៣០,១ ហិកតា មានសមាជិក ៣១នាក់ ទទួលបរិមាណផលសរុប ១២០តោន ក្នុងនោះលក់ឲ្យគម្រោង ៩៩,៦តោន និងលក់ទៅក្រៅ ២០,តោន ៤០០គីឡូក្រាម ក្នុងតម្លៃ ២០០០រៀលក្នុង១គីឡូ។ ស្រូវចំណីមាន ២សហគមន៍មានសមាជិកសរុប ៥០គ្រួសារមានផ្ទៃ ៦៧ ហិកតាទទួលបរិមាណផល ២៩៤ហិកតា ជាស្រូវសែនក្រអូបហើយលក់បានតម្លៃ ១១០០រៀល ក្នុង១គីឡូ។