កិច្ចប្រជុំប្រគល់ភារកិច្ចដល់បណ្ដាកងឯកភាពអនុវត្តន៍ផែនការពារសុវត្ថិភាព ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ បើកកិច្ចប្រជុំមួយស្តីពីការប្រគល់ភារកិច្ចដល់មេបញ្ជាការ គ្រប់កងឯកភាព ទទួលខុសត្រូវ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត  ដើម្បីកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០១៨។
កិច្ចប្រជុំ ត្រូវបានធ្វើឡើងនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមាន មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ចូលរួម ចំនួន១០២ នាក់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ដោយសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗ

ទី១- កងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយនានា ដែលធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត  និងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាមុខនេះ ដោយអនុវត្តតាមក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។

ទី២-កងកម្លាំងត្រូវសហការជាមួយអជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ក្នុងការចាត់វិធានការអប់រំ ឬចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ ក្នុងការរាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងការឃោសនាបំភ្លៃការពិតស្តីពីបញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃក្នុងពេលបោះឆ្នោតថា មានគ្រោះថ្នាក់ដល់អាយុជីវិត ដែលបញ្ហានេះគឺជាល្បិចកលដ៏ពឹសពុលរបស់ពួកប្រឆាំង ក្នុងគោលបំណងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់ទៀតថា យោធិនគ្រប់រូប ព្រមទាំងក្រុមគ្រួសារ ត្រូវមានភាពស្មោះត្រង់ បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner