ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែក្រាលគ្រូសក្រហមប្រវែង៧គីឡូម៉ែត្រនៅក្នុងឃុំចំនួន២

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែក្រាលគ្រួសក្រហមប្រវែង៧គីឡូម៉ែត្រ នៅក្នុងឃុំចំនួន២ គឺចាប់ពីឃុំមោង រហូតទៅដល់ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក អាជ្ញាធរស្រុក  មេឃុំ  រួមទាំងប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានចូលរួមផងដែរ ។

ក្នុងពិធីបើកការដ្ឋាននេះ  ឯកឧត្តម លន់ សុធី បានប្រសាសន៏ថា៖ មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍនៃកម្ពុជា ស្ថិតនៅក្នុងសន្ទុះមួយដែលជាការកត់សម្គាល់នៅក្នុងតំបន់ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍរបស់បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដូចគ្នា  ដែលពុំមានការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមនោះ។  ដូច្នេះនយោបាយ ឈ្នះ! ឈ្នះ! គឺជារូបមន្តសម្រាប់ការវិនិយោគលើសំណង់សន្តិភាពរឹងមាំនៅកម្ពុជា  ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍ  និងចាប់ដៃគូជាមួយវិស័យឯកជន  ដើម្បីការអភិវឌ្ឍ  វាគឺជាការប្រើប្រាស់នយោបាយ ឈ្នះ! ឈ្នះ! ដើម្បីវិនិយោគលើវិស័យសេដ្ឋកិច្ច។ 

ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនៃគោលនយោបាយ ឈ្នះ! ឈ្នះ! បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស។ ការបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនេះ  ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធស្រុក  ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង ការកើនឡើងនៃចរាចរណ៍យ៉ាងគំហុក ព្រមទាំងជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករមកកាន់ទីផ្សារ និងបង្កភាពងាយស្រួលដល់សិស្សទៅកាន់សាលារៀនផងដែរ ។ 

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានលើកឡើងនូវសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស  ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសលរបស់ក្រុមជនអគតិមួយចំនួន  ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា  តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

ឯកឧត្តមបានបញ្ជាក់ថា៖ កត្តាផ្លូវថ្នល់នេះហើយដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅស្រុកស្រីស្នំនេះ ក្នុងការងាយស្រួលដឹកជញ្ជូនកសិផលដែលបងប្អូនផលិតបានយកទៅកាន់ទីផ្សារ។  ឯកឧត្តម លន់ សុធី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើមី្បទទួលបាននូវការអភិវឌ្ឍក្នុងភូមិឃុំរបស់យើង  និងចូលរួមលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពផងដែរ។ 

ក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវមួយខ្សែនេះ ឯកឧត្តម ក៏បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចំនួន៤០០នាក់ ដោយម្នាក់ៗ ទទួលបាន សារុង១ ប៊ីចេង១ថង និងប្រាក់២ម៉ឺនរៀល។ ក្នុងចំណោម៤០០នាក់នេះ ក៏មានប្រជាការពារភូមិចំនួន៦០នាក់ដែរ មកពីឃុំចំនួន៣ គឺឃុំមោង ឃុំត្រាំសសរ និងឃុំព្រៃ ដោយម្នាក់ៗ ទទួលបានអាវឯកសណ្ឋានប្រជាការពារភូមិ១ កំផ្លេរ និងថវិកា២ម៉ឺនរៀល៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner