ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ  ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខា  និងភ្ញៀវកិត្តិយស សមាជិក មកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋក្នុងស្រុកអង្គរជុំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ដ៏ថ្មីសន្លាងនេះ គឺជាសមិទ្ធផលទី១០ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែកក្កដា  ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០១៨។ អគារនេះមានក្រឡាផ្ទៃសរុប១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ១៤១០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ  ស្របតាមបាវចនា ថា “ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន”។

ម្យ៉ាងវិញទៀតដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ  និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ សាខាបានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ញើញមកក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំនេះ បានចូលរួមថវិកា ១៣,៥០០,០០០ រៀល និង ៨១០០ដុល្លារ ប្រគល់ជូនអនុសាខាស្រុកអង្គរជុំ ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។ ក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិតប្រធានក៏បានឧបត្ថម្ភជូន៖ ដូនជី តាជី ម្នាក់ៗ ទទួលបានសំពត់ស១ដុំ ថវិកា២ម៉ឺនរៀល និងប្រជាពលរដ្ឋ  អ្នកស្ម័គ្រចិត្ត ម្នាក់ៗទទួលបាន សារុង១ ថវិកា ១ម៉ឺរៀល ព្រមទាំងយុវជនកាកបាទក្រហម និងសិស្សនុសិស្សម្នាក់ៗ ទទួលបាន សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា១ម៉ឺនរៀលផងដែរ៕ ដោយ ស៊ាន សុផាត

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner