សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ឫសសីមាព្រះវិហារ នៅវត្តព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។

ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ពិធីបុណ្យបញ្ចុះខណ្ឌសីមា ក្នុងពេលនេះ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម  ប្រជាជនសប្បាយរីករាយ និងមានមោទកភាពចំពោះការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកអណាចក្រ និងពុទ្ធចក្រ ហើយប្រជាជនយើងបាននឹងកំពុងរីករាយសារទរចំពោះសមិទ្ធផលសង្គម និងជីវភាពកាន់តែល្អប្រសើរ ដោយមានការដឹកនាំដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ការកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នាឱកាសនេះ គឺជាគុណប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តព្រៃក្តួច និងប្រជាជនដែលរស់នៅក្នុងមូលដ្ឋាននេះ មានទីអារាមសម្រាប់ធ្វើសក្ការៈគោរពបូជាតាមគន្លងនៃព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ ។

ក្រៅពីនេះ ការរីកចម្រើនផ្នែកអណាចក្រ ផ្នែកពុទ្ធចក្រក៏មានការរីកចម្រើនគួរជាទីមោទនៈ ដោយធានាបាននូវសុខដុមនីយកម្មរវាងសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើង គ្មានជម្លោះសាសនា ។ ដោយឡែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាក្តីសង្ឃឹមដល់ពុទ្ធសាសនិកកម្ពុជាទូទាំងប្រទេស ក្នុងនោះវិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស និងបានដើរតួនាទីជាស្នូលយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព សាមគ្គីភាព និងមិត្តភាព ដែលជាមាគ៌ាដ៏ប្រពៃនាំឱ្យសម្រេចគោលដៅរបស់សង្គមជាតិ គឺការបំបាត់អំពើហិង្សា ការប្រទូស្តសារាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗ ។

សម្តេចបានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលបានកំណត់រួចហើយនូវគោលនយោបាយគណបក្សកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០១៨-២០២៣ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ អង់អាចក្លាហាន និងប្រកបដោយគតិបណិ្ឌតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្នុងតំណាក់កាលនេះ ព្រះរាជាណាចក្រកម្ពុជាបានបន្តឈានទៅមុខប្រកបដោយមោទកភាព លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍ ។ ប្រការទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជននៅគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែង។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន២០ដែលត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។ ទន្ទឹមនឹងនេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើទៅដល់ព្រះតេជគុណគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមនិមន្ត និងអញ្ជើញទៅចូលរួមអនុវត្តសិទ្ធិរបស់ពលរដ្ឋ ដោយទៅធ្វើការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងសូមមេត្តាពិចារណា មុនធ្វើការសម្រេចចិត្ត ដោយនឹកដល់ពាក្យស្លោកខ្មែរយើងថា “ផឹកទឹក នឹកដល់ប្រភពទឹក” “ទទួលទានផ្លែឈើ ត្រូវនឹកដល់អ្នកដាំ”។ ដោយជ្រើសរើសគណបក្សណាដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព និងបន្តរក្សាសន្តិភាពជាមួយបងប្អូន និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជូនបងប្អូន និងប្រទេសជាតិរហូតដល់សព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា ព្រះវិហារថ្មី ដែលប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា មានទំហំទទឹង១២ម៉ែត្រ បណ្តោយ២១ម៉ែត្រ កំពស់៣១ម៉ែត្រ និងសមិទ្ធផលដែលសម្ពោធឆ្លងនាពេលនេះ រួមមាន ៖ សាលាភត្ត០១ខ្នង មានទំហំទទឹង២២ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ និងកម្ពស់១៨ម៉ែត្រ ដងទង់០១គូ និងស្រះទឹក០១ ទទឹង៤០ម៉ែត្រ បណ្តោយ៦២ម៉ែត្រ ជម្រៅ៥,៥ម៉ែត្រ បានសម្រេចជាស្ថាពរ ដោយចំណាយថវិកាសរុបចំនួន៦៨០.៣៩៩ ដុល្លារអាម៉េរិក ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner