វគ្គបណ្តុះបណ្តាលស្តីពីគម្រោងគ្រប់គ្រង និងបញ្ចូលទិន្នន័យទីតាំងសំណង់លំនៅឋាននៅលើផែនទី

អត្ថបទដោយ៖
Kien Sereyvuth

លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា ការបង្កើតលំនៅឋាន គឺមានចក្ខុវិស័យ និងជាគោលបំណងដែលមានគោលដៅច្បាស់លាស់ នៃនយោបាយរបស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមអនុវត្តសម្រាប់ការងារ លំនៅឋាននេះ។ លោកប្រធានមន្ទីរថ្លែងដូចនេះនៅក្នុងឱកាសដែលមន្ទីរបានធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពីគម្រោងគ្រប់គ្រង និងបញ្ចូលទិន្នន័យ ទីតាំងសំណង់លំនៅឋាននៅលើផែនទី ដែលមានក្រុមការងារការិយាល័យលំនៅឋាន និងភូមិបាលទាំង ១១ក្រុង-ស្រុក និងមន្ត្រីជាង ៣០នាក់បានចូលរួមនាថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨។

លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះជាការកសាងនាវានុវត្តន៏មួយស្របពេលវេលាចំពោះបរិបទនៃការរីកចម្រើនដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យា។ ដូច្នេះមន្ទីរតម្រូវឲ្យមានការគ្រប់គ្រងមួយងាយស្រួលតាមរយៈប្រព័ន្ធ ឌីជីថល ហើយការគ្រប់គ្រងតាមរយៈបច្ចេកវិទ្យានេះ មិនត្រឹមតែការងារលំនៅឋានប៉ុណ្ណោះទេ។ ដោយយោងតាមអនុសាសន៏របស់ឯកឧត្តម ទេសរដ្ឋមន្រ្តីចំពោះការស្នើសុំ សម្រាប់ការគ្រប់គ្រងទិន្នន័យនៅក្នុងតំបន់ទីប្រជុំជនគឺជាការងារចាំបាច់បំផុត។ ដូច្នេះថ្នាក់ក្រោមជាតិត្រូវធ្វើការក្តោបឲ្យបាននូវទិន្នន័យច្បាស់លាស់ក្នុង តំបន់នីមួយៗដូចជាការសាងសង់សំណង់គ្រប់ប្រភេទទាំងមានច្បាប់ ឫអត់ច្បាប់ និងការគ្រប់គ្រងចំពោះទីតាំងដីឯកជន របស់រដ្ឋ និងដីសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃមូលដ្ឋានគ្រឹះចំពោះការប្រើប្រាស់ម៉ាស៊ីនGPS រួមជាមួយការបញ្ចូលទិន្នន័យពីម៉ាស៊ីន GPS ទៅក្នុងកុំព្យូទ័រដែលអាចរក្សា ទុកជាទិន្នន័យឌីជីថល សម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យ ដ ន ស ស នីមួយៗ និងចម្លងទិន្នន័យទាំងអស់នោះមកការរិយាល័យលំនៅឋានរបស់មន្ទីរដើម្បី រក្សាទុក។ លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបង្កើនការស្តាប់ និងការអនុវត្តជាក់ស្តែងក្នុងរយៈពេលនៃការសិក្សាដើម្បីជាចំណេះដឹងក្នុងការអនុវត្តជាក់ស្តែង នៅមូលដ្ឋានរបស់ខ្លួននាពេលខាងមុខ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner