ព្រះមហាក្សត្រថៃជំរុញពន្លឿនប្រតិបត្តិការជួយសង្គ្រោះមនុស្សទំាង១៣នាក់ចេញពីរូងភ្នំថំាលួង

ថៃ៖ រហូតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះបាននឹងកំពុងខិតខំព្យាយាមយ៉ាងដុតដៃ ដុតជើង ដើម្បីជម្លៀសខ្លួនក្មេងៗទំាង១២នាក់ ព្រមទំាងគ្រួបង្វឹកបាល់ទាត់របស់ ពួកគេម្នាក់ទៀតចេញពីរូងភ្នំថាំលួង។ ក្រុមអ្នកមុជទឹកក៏កំពុងជំរុញបន្ទាន់នួវការបណ្តុះបណ្តាលពួកគេវិធីសាស្រ្តក្នុងការហែល និងមុជទឹក ដូច្នេះពួកគេអាចនឹងធ្វើ ដំណើរចេញពីរូងភ្នំដែលជន់លិចដោយជំនន់ទឹកភ្លៀងនេះ និងជាកន្លែងដែលពួកគេត្រូវបានជាប់នៅក្នុងនោះអស់រយៈពេល១១ថ្ងៃមកនេះ ។

ស្របពេលជាមួយគ្នានោះដែរ ព្រះមហាក្សត្រថៃ តាមរយៈឧបនាយករដ្ឋមន្រ្តីថៃ លោក ប្រាវីត វង់ស៊ូវ៉ុន បានធ្វើការជំរុញក្រុមជួយសង្គ្រោះពន្លឿនការរំដោះខ្លួន អ្នកទាំង១៣ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដោយឡែកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា រូងភ្នំថាំលួង ជាទីដែលក្រុមអ្នកជួយ សង្រ្គោះថៃ និងអន្តរជាតិកំពុងដុតដៃ ដុតជើងយកក្មេងៗទំាង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតចេញ មកខាងក្រៅ អាចនឹងក្លាយជា គោលដៅទេសចរណ៍ដ៏ល្បីល្បាញទាំងនៅក្នុងស្រុក និងពិភពលោក ហើយវាក៏អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ផងដែររបស់ប្រទេសថៃ ហើយថា ដូច្នេះយើងត្រូវតែចាត់វិធានការធានាសុវត្ថិភាព ឲ្យស្របទៅតាមសកម្មភាពទេសចរណ៍ ។

សូមរំលឹកថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ខ្លួនម្នាក់ ត្រូវបានក្រុមអ្នកខាងមុជទឹកមកពីអង់គ្លេសចំនួនពីរនាក់រកឃើញថា នៅមានជីវិតនៅឡើយ កាល ពីថ្ងៃ ច័ន្ទ នៅម៉ោងប្រមាណ១០និង២៥នាទីយប់ ដោយស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីមាត់រូងភ្នំ ។ ប៉ុន្តែក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិ បត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះ បានវាយតម្លៃថាគេអាចនឹងត្រូវប្រើពេលរាប់សប្ដាហ៍ ដើម្បីយកជន រងគ្រោះទាំង១៣នាក់ចេញពីរូងភ្នំនេះបាន។ ក្រុមជំនាញត្រូវបង្ហាត់អ្នកទាំង១៣នាក់ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀង អាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀតបញ្ជូនទៅខាងក្នុងរូងភ្នំជាបណ្ដើរៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner