យុវជនត្រូវចូលរួមការពារសមិទ្ធផលនានា និងគោលនយោបាយរបស់គណបក្ស

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖​ អនុប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល ជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនសម័យតេជោ រួមជាមួយសមាជិកសមាជិការបក្សស្រុក-ឃុំ ចូលរួមការពារសមិទ្ធផលនានា និងត្រូវការពារគោលនយោបាយគណបក្សប្រជាជនកម្ពុជា តាមរយៈនៃការបោះឆ្នោត ។

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្តម រ័ត្ន មុនី អនុប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល បានលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីករ និងកសិករ ឃុំឬស្សីពុក និងឃុំព្រែកតាកូវ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប និងត្រៀមខ្លួន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើឡើងនៅបក្សស្រុក ខ្សាច់កណ្តាល ថា ក្រោយទទួលពីការរំដោះមក គណបក្សប្រជាជនកម្ពុជា តស៊ូអភិវឌ្ឍន៍ពីបាតដៃទទេ រហូតមកដល់ពេលនេះកម្ពុជាមាន សមិទ្ធផលជាច្រើន ក្រោមការអភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាល ដែលសមិទ្ធផលទាំងអស់នោះ គឺទាមទារឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសយុវជនសម័យតេជោ មិនថាសមិទ្ធផលនៅក្នុងស្រុកក្នុងឃុំទាំងពីរនេះទេ ប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល និងទូទាំងប្រទេសត្រូវចូល រួមការពារសមិទ្ធផលនានា  ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ។

ឯកឧត្តម អនុប្រធាន បន្តថា ទាក់ទិននឹងការអភិវឌ្ឍនេះ រាជភិរដ្ឋាបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ ឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិត សម្តេចបានគិតគូរណាស់អំពី ការអភិវឌ្ឍ ការរក្សាសន្តិភាព ជាពិសេសការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យមានជីវភាពធូរ ការរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ស័ក្តិសមជាប្រជាប្រជាពលរដ្ឋខ្មែរ ដែលមានប្រវត្តិល្បីល្បាញតាំងពីយូរយារ ណាស់មកហើយ។

ឯកឧត្តម រ័ត្ន មុនី លើកឡើងបន្តថា ចំពោះពាក់ព័ន្ធនឹងយុវជនវិញ យុវជនក្នុងសម័យតេជោ ទទួលបានឱកាសរៀន សូត្រជាច្រើន ធ្វើឲ្យធនធានមនុស្សនៅកម្ពុជាកំពុងកើតឡើងសម្បូរបែប ជាពិសេសយុវជនទទួលឱកាសការងារ តាមរយៈការបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជន ពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ ស័ក្តិសមជាទំពាងស្នង ឬស្សីនៃប្រទេសជាតិយើង។ ជាមួយគ្នានេះដែរ ដើម្បីបន្តនិងរក្សានូវសក្តានុពលធនធានមនុស្សកាន់តែប្រសើរ យុវជនទាំងអស់ និង ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner