មេបញ្ជាការនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ដែលជាអង្គភាពសំខាន់ការពារ សន្ដិសុខរាជធានីភ្នំពេញ ក្រើនរម្លឹកឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ការប្រកាសបែបរបស់មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានធ្វើឡើងក្នុងឱកាសបិទសិក្ខាសាលាបូកសរុប និងវាយតម្លៃការងារ សម្រេចបានប្រចាំឆមាសទី១ និងដកពិសោធន៍ការងារប្រចាំឆមាសទី២ ឆ្នាំ២០១៨ នៅថ្ងៃទី៣ ខែកក្កដា ម្សិលមិញនេះ នៅទីបញ្ជាការកងពលតូចលេខ៧០។
ការអំពាវនាវនេះ បានធ្វើឡើងគ្រាដែលទណ្ឌិតសម រង្សី ដែលកំពុងនិរទេសខ្លួនឯង នៅក្រៅប្រទេស បានធ្វើសកម្មភាពញុះញង់ឲ្យកងទ័ពបែរ មកប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាថ្មីម្ដងទៀតថា គ្រប់កងកម្លាំង ប្រដាប់អាវុធទាំងអស់ និយាយជារួមកងយោធពលខេមរភូមិន្ទ និងនិយាយដោយឡែក កងពលតូចលេខ៧០ គឺប្ដេជ្ញាការពារដាច់ខាតសុខសន្ដិភាព ស្ថិរភាពនយោបាយដែលមាននៅពេលបច្ចុប្បន្ន ដែលបានមកពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទោះបីដោយតម្លៃ យ៉ាងណាក៏ដោយ គឺត្រូវការពារឲ្យខាងតែបាន ប្រឆាំងការធ្វើបដិវត្តន៍ពណ៌ដោយរូបភាព ណាក៏ដោយ។
ក្នុងនោះលោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ផែនការសម្រាប់ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវបំពេញកិច្ចការងារក្នុងនាមជាកងទ័ពឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ទៅតាមតួនាទី និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទៅតាមជំនាញ និងកាតព្វកិច្ចរៀងៗខ្លួន។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានជំរុញឲ្យកងទ័ពទាំងអស់ ត្រូវបំពេញភារកិច្ចជាពលរដ្ឋល្អ ដោយត្រូវទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ ដើម្បីបន្ដរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍរបស់កម្ពុជា។