កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញប្រវែង១៦៦គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការបណ្តោះអាសន្នឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

 កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង និងពីបាត់ដឹង មករាជធានីភ្នំពេញ ប្រវែងប្រវែងសរុប១៦៦គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការជាបណ្តោះអាសន្នឡើងវិញ នៅថ្ងៃទី៤កក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីពោធិ៍សាត់មកបាត់ដឹងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ 

កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងអតីតសម័យអាណានិគមបារាំង។ ប៉ុន្តែផ្លូវដែកនោះ ត្រូវបានអាក់ខានប្រើប្រាស់ អស់រយៈពេល៤៥ឆាំ្នមកដហើយ ដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា។ ក្រោយរំដោះ៧មករាឆ្នាំ១៩៧៩ កំណាត់ផ្លូវដែកពីបាត់ដំបង មករាជធានីភ្នំពេញត្រូវបានដាក់ឲ្យដំណើរការ ប៉ុន្តែបានរងនឹងការស្ទាក់បាញ់ ដាក់មីនបំផ្លាញផ្លូវដែក រហូតដំណើរការលែងកើតនៅឆ្នាំ២០០៦។ បន្ទាប់ពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវីលនាចុងឆ្នាំ១៩៩៨ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កំណត់ផ្លូវដែកត្រូវបានចាប់ផ្ដើមស្ដាឡើងវិញ ជាបន្តបន្ទាប់។

ក្នុងនោះកំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត ៤៨គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើការជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង ៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរ ការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវពីបាត់ដំបង មកដល់ពោធិ៍សាត់ ប្រវែង១០៧គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែកកំណាត់ផ្លូវដែកពីពោធិ៍សាត់ មកភ្នំពេញត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននោះថ្ងៃ៤កក្កដានេះ។

ថ្លែងក្នុងពិធីដាក់ដំណើរការរថភ្លើងពីពោធិ៍សាត់ ទៅភ្នំពេញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ប្រជាជនកម្ពុជាអាចធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅដល់ប្រទេសសិង្ហបុរី ប្រទេសថៃ និងអាចជិះរថភ្លើងបន្តពីប្រទេសថៃទៅសឹង្ហបុរីដែលមានស្រាប់។ ជាមួយគ្នានោះ កម្ពុជាក៏បានកំពុងស្នើខាងថៃ សិក្សាតភ្ជាប់រថភ្លើងរបស់កម្ពុជាទៅសិង្ហបុរីតែម្ដង ដោយមិនបាច់ចាំឲ្យអ្នកដំណើរដូររថភ្លើងនោះឡើយ។ លោកថា កម្ពុជា និងថៃ កំពុងត្រៀមចុះកិច្ចព្រមព្រៀងដាក់ឲ្យប្រតិបត្តិការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ផ្លូវរថភ្លើងភ្ជាប់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប៉ោយប៉ែត បានធ្វើរួចរាល់អស់ហើយ គឺនៅចាំតែមេដឹកនាំប្រទេសទាំងពីរជួបគ្នា និងចុះហត្ថលេខាប៉ុណ្ណោះ។ លោកបានបន្តថា  នៅថ្ងៃទី ០៦ ខែកក្កដា ខាងមុខនេះ តំណាងមន្ត្រីមកពីភាគីថៃនឹងមកចរចាជាមួយលោក ហើយមិនយូរនោះទេ កិច្ចព្រមព្រៀងនឹងបញ្ចប់ជាផ្លូវការ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានសន្យាថានឹងផ្ដល់ក្បាលរថភ្លើង១ ទូររថភ្លើង ចំនួន៤ ឲ្យកម្ពុជាផងដែរ។ កម្ពុជាបានបើកដំណើរការផ្លូវដែកទិសពាយ័ព្យ ប៉ោយប៉ែត-បាត់ដំបង-ពោធិ៍សាត់-ភ្នំពេញ ដែលផ្អាកអស់រយៈពេល៤៥ឆ្នាំ ដោយសារសង្គ្រាមឥតឈប់ឈរប្រវែង៣៨៦គីឡូម៉ែត្រ ចាប់ពេលនេះតទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner