ផ្លូវក្រួសក្រហមមួយខ្សែប្រវែង២៤គីឡូម៉ែត្រ តម្លៃជាង១លានដុល្លារ រួមនិងអគារស្នាក់ការគណបក្ស នៅក្នុងស្រុកជាំក្សាន្ត ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ៖ ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង២៤គីឡូម៉ែត្រ និងអាគារស្នាក់ការគណបក្សប្រជាជន ឃុំយាង ព្រមជាមួយនិងការបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១០៥រូប នាព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាខេត្ត រួមនិងឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងលោកជំុទាវ ចាន់ សាមីស្រីឌឹក ព្រមជាមួយនឹងសមាជិកបក្សប្រមាណ ជាង១០០០នាក់។

ឯកឧត្តម មាស សុភា បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធាន។ ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
ឯកឧត្តបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន តាំងពីទីក្រុង រហូតដល់ជនបទដាច់ស្រយ៉ាល ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ប្រពន្ធ័ធារាសាស្ត្រ និងអគ្គិសនីជាដើម។ ឯកឧត្តបានបន្តទៀតថា ចំពោះបញ្ហាអគ្គិសនី ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺនៅឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅគ្រប់ភូមិនានា នឹងបានប្រើប្រាស់ភ្លើង អគ្គិសនីគ្រប់ៗផ្ទះ។

ជាមួយគ្នានោះ ឯកឧត្តម មាស សុភា ក៏បានលើកឡើងដែរថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ទើបឆ្លងផុតពីរបបប្រល័យពូជ សាសន៍ គឺហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ត្រូវបានបំផ្លាញគ្មានសល់ ដែលជាហេតុធ្វើអោយការរស់នៅ របស់ប្រជាពលរដ្ឋ មានការកំបាក។ ដោយឡែក ថ្ងៃនេះ កម្ពុជាបានធ្វើពិធីសម្ភោធផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង២៤គីឡូម៉ែត្រ ដែលមានតម្លៃជាង១លានដុល្លារ តភ្ជាប់ពីផ្លូវ ជាតិលេខ៦២ ចូលមកឃុំយាង ដែលនេះជាជំហានទី២ ក្រោមការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ ហើយជំហានបន្ទាប់ទៀត ផ្លូវនេះនឹងប្រែក្លាយជាផ្លូវកៅស៊ូមិនខាន។

ឯកឧត្តម មាស សុភា បានលើកឡើងបន្ថែមថា ដើម្បីតបស្នងនូវគុណបំណាច់នេះ ប្រជាពលរដ្ឋត្រូវបន្តការជឿទុកចិត្តគាំទ្រមកលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីអោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស កាន់តែមានការ អភិវឌ្ឍបន្តទៅទៀត។ ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕

ដោយៈ សួនលីណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner