កសិករក្នុងស្រុកសំបែរនិយមដាំដំណាំចម្ប៉ាដក់ដែលជាដំណាំហូបផ្លែពេញនិយមក្នុងការទទួលទាន សម្រាប់ប្រជាជនខ្មែរ
ត្បូងឃ្មុំ៖ ចម្ប៉ាដក់ជាដំណាំហូបផ្លែមួយប្រភេទដែលប្រជាកសិករ និងប្រជាជនខ្មែរយើងតែងតែនិយមទទួលទាន ព្រោះ វាមានរសជាតិ ផ្អែម ឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ។ ជាក់ស្ដែងនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ គេឃើញមានប្រជាជន ដាំដំណាំហូបផ្លែប្រភេទនេះស្ទើរគ្រប់ផ្ទះ ដោយហេតុថា ជាដំណាងាយដាំ ងាយថែរក្សា ផ្ដល់ទិន្នផលច្រើននិង ពួកគាត់ចូលចិត្ត ពិសារផងដែរ។
បើតាមលោក យូរ ហូត អាយុ៣៨ឆ្នាំ ជាកសិកររស់នៅក្នុងភូមិបេងថ្មី បានឲ្យដឹងថា ពួកគាត់បាននាំគ្នា ដាំដើមចម្ប៉ាដក់ស្ទើរតែគ្រប់ផ្ទះទៅហើយដោយសារតែ ពួកគាត់ចូលចិត្តហូប និងដំណាំប្រភេទនេះវាផ្ដល់ផលទិន្នផលច្រើន ក្រៅពីហូបគាត់អាចលក់ទៅឲ្យឈ្មូញដែលមកប្រមូលទិញដល់ផ្ទះ ឬ អាចដាក់លក់នៅមុខផ្ទះ សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកដំណើរដែល ធ្វើដំណើរតាមផ្លូវជាតិលេខ៧៣នេះផងដែរ។
បើតាមលោក ឡិ ទីន ជាមេភូមិបេងថ្មី បានឲ្យដឹងថា នៅតំបន់នេះមិនទាន់មាន ចម្ការទ្រង់ទ្រាយធំនៅឡើយទេ ពោលគឺមានតែប្រជាជន ដាំតាមបែបគ្រួសារ បួន ប្រាំដើម ប៉ុណ្ណោះ សម្រាប់តែទុកហូបក្នុងគ្រូសារ ដោយឡែក សល់ពីនោះទើបពួកគាត់លក់ឲ្យឈ្មូញដែលដើរប្រមូលទិញតាមផ្ទះ ឬ ដាក់លក់នៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីជាចំណូលមួយផ្នែកទៀតសម្រាប់គ្រូសារ ។
គាត់បានបញ្ជាក់ទៀតដែរថា រយៈពេលពីរឆ្នាំចុងក្រោយនេះ គឺ ប្រជាជននៅក្នុងស្រុក ក៏ដូចជាខេត្តត្បូងឃ្មុំ មិនចាំបាច់នាំចូល ផ្លែចម្ប៉ាដក់ពីប្រទេសជិតខាងទៀតទេ ដោយហេតុថា ពួកគាត់អាចមានលទ្ធភាពដាំ និងផ្គត់ផ្គង់នៅក្នុងទីផ្សារ ក្នុងសហគមន៍គាត់បានដែរ ។ ចម្ប៉ាដក់មួយដើមអាចឲ្យផល រយៈពេលបួនខែក្នុងមួយរដូវ ហើយក៏អាច ប្រមូលផលផ្លែ បាន ចាប់ពី ២០០ ទៅ ៣០០ផ្លែក្នុងមួយដើម។ រីឯតម្លៃ វិញ គឺអាស្រ័យទៅលើ ពូជ ធំ ឬតូច ។ សូមបញ្ជាក់ថា ពូជផ្លែធំតម្លៃ ប្រហែល ២៥០០៛ ទៅ ៣០០០៛ ក្នុងមួយផ្លែ។ រីឯពូជផ្លែតូចមានតម្លែចាប់ពី ៤៥០០ ទៅ៥០០០៛ ក្នុងមួយផ្លែប៉ុណ្នោះ។
លោក មេភូមិក៏បានបញ្ជាក់ទៀតថា ចំពោះប្រជាជនក្នុងភូមិនេះ មានចំនួន ៣២១គ្រួសារ ពួកគាត់និយមដាំដំណាំរួមមាន៖ កៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀត ខ្នុរ និង ចម្ប៉ាដក់នេះតែម្តង បើគិតពីចំនួនប្រជាពលរដ្ឋក្នុងភូមិដែលនិយមដាំចម្ប៉ាដក់ប្រមាណមានជាង១០០គ្រួសារដែរ។
ចម្ប៉ាដក់មានពីរប្រភេទ ពោលគឺមានពូជផ្លែវាធំៗ និងពូជផ្លែតូចៗ តែគុណភាពពូជផ្លែធំ មិនឆ្ងាញ់ដូច ពូជផ្លែតូចទេ ពូជផ្លែតូច វាមានរសជាតិ ផ្អែម ឈ្ងុយឆ្ងាញ់ សាច់វារឹង ហើយមានឱជារសមិនចាញ់ផ្លែធុរេនប៉ុន្មានឡើយ ឯក្លិនវិញក្រអូបប្រហើរ ។ នេះជាដំណាំរួមផ្សំ ហើយផលវាក៏អាចផ្តល់ឱ្យប្រជាពលរដ្ឋក្នុងភូមិមានជីវភាពប្រសើរឡើងគួរមោទនៈក្រៃលែង៕