ឃើញដឹកដីចាក់លុបប្រឡាយអូរតាគុជ ពលរដ្ឋព្រួយបារម្ភខ្លាចដូចប្រឡាយអតីតលូ៥

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ប្រឡាយអូរតាគុជ ត្រូវបានត្រូវបានគេចាក់លុបដីបង្រួមពីធំមកតូចជាច្រើនកន្លែងខុសពីលំនាំដើម បង្កឲ្យកាត់បន្ថយនូវចរន្តទឹកហូររំដោះចេញពីមូលដ្ឋាន ហើយថ្មីៗនេះប្រឡាយអូរតាគុជ ត្រូវបានគេដឹកដីចេញពីការដ្ឋានសំណង់ផ្សារឯកជនមួយក្បែរនោះ មកចាក់លុបពេញប្រឡាយ បង្រួមមកត្រឹម១ម៉ែត្រ ដែលស្ថិតនៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តាមរយៈប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកមិនមែនមានតែចំណុចត្រង់នេះទេ ហើយក៏មិនមែនទើបថ្មីៗនេះដែរ យូរមកហើយ ដែលប្រឡាយខាងលើ ត្រូវបានរំលោភបំពាន ចាក់ដីលុប ជាបន្តបន្ទាប់ ដើម្បីកេងចំណេញ ជាប្រយោជន៍ផ្ទាល់ខ្លួន កន្លែងខ្លះពី៨ម៉ែត្រ មកត្រឹម៦ម៉ែត្រ កន្លែងខ្លះប្រឡាយសល់តែ៥ម៉ែត្រ យូរទៅៗ អាជ្ញាធរស្ងាត់មាត់ឈឹង មិនមែនត្រឹមពេល លោក ម៉ូវ ម៉ានិត ឡើងកាន់តំណែងជាអភិបាលខណ្ឌទេ គឺតាំងពីជាន់មុនមកម្ល៉េះ។ រហូតមកដល់ពេលនេះ អ្នកចាក់ដីលុបប្រឡាយនៅតែបន្តសកម្មភាពដដែល ត្រង់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ប្រឡាយ រង្វះមាត់ទឹកហូរ សល់ត្រឹម១ម៉ែត្រ ជាបញ្ហាមួយបង្កឲ្យប្រជាជន ព្រួយបារម្ភ ខ្លាចដូចលើកមុន យូរទៅក្លាយជាកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន ឬរបស់ឯកជន ។

ពលរដ្ឋបន្តទៀតថា សកម្មភាពកែបំភាន់ សម្រួលបង្រួមប្រឡាយ ខុសទ្រង់ទ្រាយដើម វាមិនខុសណាពីប្រឡាយលូ៥ ប្រឡាយដើមធំ លូដាក់កាត់ទទឹងផ្លូវវេងស្រេង រហូតដល់ទៅប្រាំ តែមកដល់បច្ចុប្បន្ន សំណង់ផ្ទះល្វែង ក្រុមហ៊ុន រួមគ្នាជាមួយអាជ្ញាធរ កែលម្អ ដាក់លូថ្មី ត្រឹមតែ៣ទេ តែឈ្មោះ ទម្លាប់ហៅជាប់មាត់ថា «លូប្រាំ» នៅដដែល តែទៅពិនិត្យមើលជាស្តែង ប្រឡាយរួមសល់តូច ដាក់លូត្រឹមតែ៣ ជាការស្រេច ពលរដ្ឋហាមតវ៉ា ជាបញ្ហាក្តីកង្វល់ ប្រឈមងាយទឹកជន់លិច ដោយសារហូររំដោះទឹកចេញមិនទាន់ ។

ស្ថានភាពឃើញរួចហើយ លូប្រាំ កាត់បន្ថយទំហំខ្នាត ចំនួនឲ្យមកសល់ត្រឹម៣ នេះហើយ ទើបពលរដ្ឋក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខណៈដែល ប្រឡាយអូរតាគុជ កាន់តែរួមតូចពីមួយឆ្នាំទៅមួយឆ្នាំ ភ្លៀងមកក៏លិច ដោយសារវិប្បត្តិផ្លូវទឹកហូរ និងមើលឃើញសកម្មភាពកំពុងចាក់លុបរាល់ថ្ងៃនេះទៀត ទើបពលរដ្ឋ ភ័យព្រួយ ពេលដែលឃើញមេឃងងឹតម្តងៗ នឹងច្បាស់ជាទឹកជន់លិចទៀតហើយ។

ជុំវិញសកម្មភាពកំពុងចាក់ដីលុបប្រឡាយអូរតាគុជ ក្នុងភូមិដីថ្មី ត្រូវបានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់អ្នកយកពត៌មានតាមរយៈសារអេឡិចត្រូនិចថា ដោយសារត្រង់ចំណុចខាងលើ មានការបាក់ដីមាត់ប្រឡាយ រាលដល់របងផ្ទះអ្នកក្បែរនោះ ទើបលោកអនុញ្ញាតឲ្យដឹកដីចាក់ទប់ ជាបណ្តោះអាសន្ន ការពារបាក់មាត់ប្រឡាយ រួចហើយលោក នឹងចាត់វិធានការ កែសម្រួល បុកស៊ីផាយ ទប់ ហើយស្តាប្រឡាយឡើងវិញ ។

តែទោះជាមានការបកស្រាយបំភ្លឺពីលោកអភិបាលខណ្ឌ ពីបច្ចេកទេស កែសម្រួលប្រឡាយអូរតាគុជបែបណាក្តី ពលរដ្ឋហាក់បីដូចជាអត់ជំនឿលើអាជ្ញាធរ វិធីសាស្រ្ត បច្ចេកទេស កែសម្រួលប្រឡាយ មិនមែនមានត្រឹម លោកម៉ូវ ម៉ានិត ទើបមកកាន់ចៅហ្វាយខណ្ឌសែនសុខនេះទេ ចុះទៅពិនិត្យមើល បុរី សំណង់ ហាយឡែន ពលរដ្ឋសួរថា មាត់ប្រឡាយនៅសល់ប៉ុន្មាន? ហើយនៅមានច្រើនកន្លែងទៀត មកដល់ពេលនេះ ប្រឡាយអូរតាគុជ តូច ធំ ៗ សមស្រប ត្រឹមត្រូវទៅតាមប្លង់ LMAP ដែរឬ ជឿថាអាជ្ញាធរ មិនមែនល្ងង់ទេ ប្លង់ត្រឹមណា របស់ពលរដ្ឋ ត្រឹមណារបស់រដ្ឋ ច្បាស់ជាងថ្ងៃទៅទៀត ខ្លាចតែអាជ្ញាធរ បិទភ្នែក ធ្វើជាដេកលក់វិញទេ ពោលខ្លាចដូចលូ៥ ផ្លូវវេងស្រេងនាពេលបច្ចុប្បន្ននេះ៕ ម.ន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner