ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមភាគីម៉ិចស៊ីកូឯកភាពគ្នាព្យាយាមស្វែងរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយរវាងប្រទេសទំាងពីរ

ម៉ិចស៊ីកូ៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ម៉ិចស៊ីកូ លោក អាន់ដ្រែស ម៉ានូអែល ឡូប៉ែស អូប្រាដ័រ បានបញ្ជាក់ថា លោកទើបតែបាននិយាយទូរសព្ទជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ និងបានស្នើឲ្យប្រទេសជិតខាងទាំងពីរនេះ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ។

ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ម៉ិចស៊ីកូរូបនេះ បានទទួលការហៅទូរសព្ទពីលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយមេដឹកនាំទាំងពីរបានធ្វើកិច្ចពិភាក្សាគ្នាអស់រយៈពេលកន្លះម៉ោង។ លោក ឡូប៉ែស អូប្រាដ័រ បានស្នើឲ្យប្រទេសជិតខាងទាំងពីរនេះ គិតគូរទៅលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ។

ជាមួយគ្នានោះដែរ លោក ឡូប៉ែស អូប្រាដ័រ ក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបង្កើនអត្រានៃអ្នកមានការងារធ្វើនៅម៉ិចស៊ីកូផងដែរ ដើម្បីកាត់បន្ថយចំនួនជនអន្តោវេសន៍ឆ្លងដែនចូលទៅសហរដ្ឋអាម៉េរិក។ សម្រាប់លោក ត្រាំ វិញក៏បានរំពឹងថា នឹងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយម៉ិចស៊ីកូនាពេលឆាប់ៗខាងមុខផងដែរ៕ ម.ន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner