អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បំពេញទស្សនកិច្ចនៅកម្ពុជា
ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង១ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន មានកម្មវិធីជួបសម្តែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង២ កម្ពុជា-ចិន។
បន្ទាប់មក ឯកឧត្តម នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន ៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន” ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព៕ ម.ន