ជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង១៦គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខណ្ឌចំការមន

អត្ថបទដោយ៖
Kien Sereyvuth

នៅល្ងាចថ្ងៃទី២កក្កដាម្សិលមិញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បង្ក្រាបបានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀន ជាង១៦គីឡូក្រាម នៅផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមបញ្ជាផ្ទាល់ពីអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងសម្របសម្រួល ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាមួយនឹងគ្រឿងញៀន សរុប១៦គីឡូក្រាម។ ក្នុងចំណោមគ្រឿងញៀនទាំងនោះ មានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូក្រាម ៨១២ក្រាម ៦៩មីលីក្រាម និងហេរ៉ូអ៊ីន ៧០១ក្រាម៧៤មីលីក្រាម។

ក្រោយការឃាត់ខ្លួននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងរៀបចំឯកសារបញ្ជូនទៅតុលាការ។  នេះគឺជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំលើកទី៣ហើយ ក្នុងរយៈពេល១សប្ដាហ៏ចុងក្រោយនេះ។ កាលពីថ្ងៃ២៦មិថុនា កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបការជួញដូរគ្រឿងញៀនលាក់នៅក្នុងរថយន្តក្រុងមួយ ដោយធ្វើការរឹបអូសបានរហូតដល់១២០គីឡូក្រាមដែលជាប្រភេទម៉ាទឹកក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា គ្រឿងញៀនជាប្រភេទម៉ាទឹកកក ចំនួន១២០គីឡូក្រាម ស្មើនឹង១២០ដុំ ត្រូវបានក្រុមជនល្មើស ដឹកចេញពីប្រទេសឡាវ ចូលមកកម្ពុជា ប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលប្រព្រឹត្តដោយជនជាតិខ្មែរចំនួន៣នាក់។ នៅថ្ងៃ២៩មិថុនាកន្លងទៅនេះ សម្ថកិច្ចបានចាប់ខ្លួនជនជាតិឡាវម្នាក់ឈ្មោះ ថង លួតប៉ាសឺត អាយុ៥០ឆ្នាំ នៅចំណុចផ្លូវលំ ភូមិខាំផាន់ សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន ៣កញ្ចប់ធំ ទម្ងន់២គីឡូក្រាម៩៩៧ក្រាម៕ ម.ន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner