បេសកកម្មជួយសង្គ្រោះមនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំ ថាំលួង កំពុងប្រឈមនឹងហានិភ័យថ្មីមួយទៀត ដោយមានការព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងតំបន់

ថៃ៖ ក្រុមអ្នកជួយសង្រ្គោះថៃបាននឹងកំពុងពន្លឿនការបូមទឹកចេញពីរូងភ្នំ ថាំលួង នៅថ្ងៃ អង្គារ៍ នេះ ក្រោយការព្យាករណ៍ឧតុនិយមបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់នោះ ដែលអាចបង្កឲ្យភាពស្មុគស្មាញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងជួយយកអ្នកទាំង១៣ចេញមកខាងក្រៅ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ទៀត ត្រូវបានក្រុមអ្នកជំនាញខាងមុជទឹកមកពីចក្រភពអង់គ្លេសចំនួនពីរនាក់ បានរកឃើញថា នៅមានជីវិតនៅឡើយ កាលពីថ្ងៃច័ន្ទ វេលាម៉ោង១០និង២៥នាទីយប់ ដោយស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីមាត់រូងភ្នំ។ ដូច្នេះ ទើបក្រុមជំនាញថៃ និងអន្តរជាតិដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសនោះ បានវាយតម្លៃថា ក្រុមសង្គ្រោះត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផង ទើបអាចយកជនរងគ្រោះទាំង១៣នាក់ចេញពីរូងភ្នំនេះបាន។

ស្របពេលជាមួយគ្នានោះដែរ ក្រុមជំនាញត្រូវបង្ហាត់អ្នកទាំង១៣នាក់ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀតព្យាយាមបញ្ជូនទៅខាងក្នុងរូងភ្នំ ៕ ម.ន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner