ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨
សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានប្រារព្វបើកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នាសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងបើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺមានគោលបំណងដើម្បីបង្ហាញជូននូវលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងលទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈតាមវិស័យសំខាន់ៗ មានដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបាត់ដំបង ព្រមជាមួយនឹងកិច្ចពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងចក្ខុវិស័យនៅក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈនាពេលខាងមុខ។
ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ថា ជាការពិតក្នុងរយៈពេលខ្លី តែយើងសម្រេចបានសមិទ្ធផលកំណែទម្រង់ជាច្រើនហួសពីការគិត ហើយជាពិសេស ភាពជោគជ័យលើការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ កើតចេញពីការចូលរួមរបស់តួអង្គពាក់ព័ន្ធ ដោយគោរពប្រតិបត្តិតាមគោលការណ៍ជាវិជ្ជមាន រួមមាន ការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងការអនុវត្តកម្មវិធីជាតិ ការរៀបចំដាក់ចេញនូវកម្មវិធីជាតិមួយជាក់លាក់ ដែលមានភាពប្រាកដនិយម ជាក់ស្តែង និងសាមញ្ញ ដែលកើតចេញពីមន្ត្រីរាជការយើងទាំងអស់គ្នា ការចូលរួមគាំទ្រ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមទាំង ASEAN បូក៣ (ចិន កូរ៉េ ខាងត្បូង និងជប៉ុន) ក្នុងការចូលរួមជំរុញ តាមដានត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ យន្តការគាំទ្រ និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកនៃក្រុមការងារកែទម្រង់អភិបាលកិច្ច និងកំណែទម្រង់តាមវិស័យ កិច្ចសហការបច្ចេកទេសរវាងលេខាធិការដ្ឋានកំណែទម្រង់ទាំងបីវិស័យរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនេះ ឯកឧត្តម បានឲ្យដឹងថា បើទោះបីជាអនុវត្តការងារទទួលបានលទ្ធផលជាវិជ្ជមានច្រើនក៏ដោយ ក៏យើងមិនទាន់ទទួលបានលទ្ធផលល្អឥតខ្ចោះនៅឡើយដែរ ពោលគឺនៅមានជួបបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមានការគិតគូរសម្រាប់រយៈពេលវែង និងពង្រឹងប្រសិទ្ធភាពអនុវត្តបន្ថែមទៀត តាមរយៈការដាក់ចេញ ជាក្របខណ្ឌយុទ្ធសាស្ត្រដើម្បីប្រមូលផ្តុំ ឬបង្គុំបញ្ចូលគ្នានូវសមិទ្ធផលតូចៗបង្កើតបានជារូបភាពពិតប្រាកដ និងសម្រេចចេញជាគោលដៅធំៗ។ ក្រៅពីនេះទៅទៀត ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏ត្រូវគិតគូរទៅលើការដំឡើង បៀវត្សរ៍ដើម្បីទាក់ទាញ និងថែរក្សាអ្នកដែលមានទេពកោសល្យ សមត្ថភាពជំនាញវិជ្ជាជីវៈ សំដៅលើកកម្ពស់សមត្ថ ភាពស្ថាប័ន ផលិតភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ។
នៅក្នុងឱកាសនេះដែរ ឯកឧ្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើបទបង្ហាញដោយបានគូសបញ្ជាក់ថា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ផ្តោតជាសំខាន់លើគោលបំណងចំនួន៣ គឺទី១សេវាសាធារណៈ ប្រកបដោយគុណភាព ភាពសាមញ្ញ ប្រសិទ្ធភាព ភាពអាចជឿទុកចិត្តបាន ភាពឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា ទី២ការគ្រប់គ្រង និងការអភិវឌ្ឍមន្ត្រីរាជការស៊ីវិលឲ្យកាន់តែមានសមត្ថភាព ភាពស្វាហាប់ ប្រសិទ្ធភាព និងភាពជឿទុកចិត្តក្នុងការផ្តល់សេវាសាធារណៈ ដោយប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ ទី៣ប្រព័ន្ធបៀវត្សត្រូវធានាបាននូវសមធម៌ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវសង្គតិភាពរវាងក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ៕ ម.ន