អគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទទួលទានផលិផលអាហារកញ្ចប់ម្យ៉ាង ដែលផលិតនៅសហរដ្ឋអាមេរិក ក្រោយរកឃើញថាមានមេរោគប៉ះពាល់ដល់សុខភាព
នៅថ្ងៃទី៣កក្កដានេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានជូនដំណឹងដល់សាធារណជនថា រដ្ឋាបាលឳសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងពីការប្រមូលត្រលប់ទៅវិញ ពីទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលចំណីអាហារ ម៉ាក Kellogg’s Honey Smacks Cereal ដែលផលិតដោយដោយក្រុមហ៊ុន Kellogg Company។
ការប្រមូលនោះ គឺធ្វើឡើង បន្ទាប់ពីរដ្ឋបាលឱសថ និងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្ងឺឆ្លង សហរដ្ឋអាមេរិច (US CDC: US Centre for Disease Control and Prevention) បានស្រាវជ្រាវរកឃើញ ប្រភព នៃការពុលម្ហូបអាហារបណ្ដាល មកពីការទទួលទាន ផលិតផលនោះ ដែលបានចម្លងចូលបាក់តេរី ឈ្មោះ Samonella បណ្ដាលអោយ អ្នកទទួលទានមានជម្ងឺប្រព័ន្ធរំលាយអាហារ និងគ្រុនពោះវៀន ។ល។
ចំពោះស្ត្រីមានផ្ទៃពោះ ទារក កុមារតូចៗ និងមនុស្សចាស់គឺជាជនងាយរងគ្រោះពីបាក់តេរីនោះជាងគេ។ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា គេបាន និងកំពុងចាត់វិធានការមួយចំនួន ដូចជា រាំងខ្ទប់មិនឲ្យនាំចូលផលិតផលនោះ – ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុះ និងរាយ – ត្រួតពិនិត្យនៅតាមទីផ្សារតូច ធំ ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រើសិនមានការដាក់តាំងលក់។ អគ្គនាយកដ្ឋានកាំកុងត្រូលក៍ បានអំពាវនាវ ដល់សាធារណជន ឲ្យជួយសហការផ្ដល់ព័ត៌មានដល់មន្ត្រីមានសមត្ថកិច្ច ក្នុងករណីបានជួបប្រទះផលិតផលនោះ។