ឯកឧត្តម ងី តាយី ប្រគេនទានវស្សា និងទេយ្យវត្ថុ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសេរីរតនារាម និងជួបសំណេះសំណាល ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តក្រចេះ ៖ ឯកឧត្តម ងី តាយី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ បាននាំយកទានវស្សា និងទេយ្យវត្ថុ មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសេរីរតនារាម ស្ថិតក្នុង ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
នាថ្ងៃដដែលនេះដែរ ឯកឧត្តម ងី តាយី បានដឹកនាំក្រុមការងារគណៈពង្រឹងមូលដ្ឋានចុះជួយឃុំតាម៉ៅ និងឃុំកោះតាស៊ុយ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះតាស៊ុយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់មូលដ្ឋានខេត្ត អាជ្ញាធរដែនដី មេឃុំកោះតាស៊ុយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ឯកឧត្តម ងី តាយី បានលើកឡើងថា ម្លប់ដ៏ត្រឈឹងត្រឈៃ នៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ដែលយើងកំពុងតែមាននាពេលនេះ បាននាំមកនូវឱកាសដ៏ថ្លៃថ្លាសម្រាប់ប្រជា-ពលរដ្ឋយើងគ្រប់គ្នាអាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតីកាលទី៦ដែលនឹងព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ឯកឧត្តមក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ ក្នុងឃុំកោះតាស៊ុយ និងប្រជាពលរដ្ឋទូទៅ ត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព, ស្ថិរភាពសង្គម,ការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល តាមរយៈការចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ។

ក្នុងនាមប្រជាពលរដ្ឋទូទាំងឃុំកោះតាស៊ុយ លោក នួន លាងហេង មេឃុំកោះតាស៊ុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ងី តាយី និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ និងជួយដោះស្រាយរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំ ក៏ដូចជាការអភិវឌ្ឍន៍ជាក់ស្តែងរបស់ឃុំកោះតាស៊ុយទាំងមូល ។
ឯកឧត្តម ងី តាយី បានសម្តែងការអបអរសាទរជូនចំពោះប្រជាពលរដ្ឋក្នុងឃុំកោះតាស៊ុយ ដែលសម្រេចបានសមិទ្ធផលថ្មីរួមមានផ្លូវថ្នល់ សាលារៀន និងវត្តអារ៉ាម ព្រមទាំងសមិទ្ធផលផ្សេងៗទៀតផងដែរ ក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ជាពិសេស ឯកឧត្តមបាននាំយកនូវអំណោយដ៏ថ្លៃថ្លាមួយចំនួនមកចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner