ទិវាមច្ឆជាតិ ០១កក្កដា លើកទី១៦ នៅកសិណអង្គវត្តឆ្នាំ២០១៨នេះ ទិវាមច្ឆជាតិ ( ០១កក្កដា ) ត្រូវបានប្រាព្ធឡើងនៅកសិណខាងលិចអង្គរវត្ត នៃ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តខ្មែរ ! កូនត្រីនិង ត្រីមេពូជចម្រុះ ប្រមាណជា ជាង ១លានក្បាល ត្រូវបានប្រលែងចូលក្នុងកសិណអង្គរ
សៀមរាប៖ ការលើកបង្ហាញរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពីធីប្រារព្ធទិវាមច្ឆជាតិ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅកសិណអង្គរវត្ត រមណីយដ្ឋានទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តនៃកម្ពុជានាខេត្តសៀមរាប បានបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី១៦ នៃការប្រារព្ធទិវាមច្ឆជាតិ កូនត្រី និង ត្រីមេពូជចម្រុះក្នុងស្រុកប្រមាណ ជាង ១លានក្បាលត្រូវបានប្រលែងចូលក្នុងកសិណ ឬ គូទឹកអង្គរវត្ត ។ កូនត្រីនិង ត្រីមេពូជក្នុងស្រុកទាំងនោះ រួមមានប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីក្រហែ ត្រីប្រា និង ត្រីកន្ធរ ។ល។ ជាមួយនោះរួមមានប្រភេទវារីសត្វ ដែលកំពុងរងគ្រោះផុតពូជ ដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែប ក៏ត្រូវបានប្រលែងចូលក្នុងកសិណអង្គរ ផងដែរ ។
ការលែងត្រី និង វារីសត្វទាំងនេះចូលក្នុងកសិណ ឬ គូទឹកអង្គរវត្ត ដោយស្ថិតក្នុងការប្រមើរមើលឃើញថា ទៅថ្ងៃអនាគត ក្នុងតំបន់អង្គរ នឹងសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ ព្រមជាមួយនឹងការរីកសាយទៅកាន់តំបន់ផ្សេងៗទៀតតាមប្រព័ន្ធបារាយណ៍ក្នុងតំបន់អង្គរ និង អាចចរាចរណ៍ចូលទៅដល់ដែននេសាទដទៃទៀតដែរ ដែលអាចបំពេញត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទឹកដីអង្គរនេះ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ទិវាមច្ឆជាតិ ( ០១កក្កដា ) មានអត្ថន័យដល់ការបំផុសចលនាបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យបានជ្រាប អំពីសារៈសំខាន់នៃធនធានជលផល ដើម្បីចូលរួមថែរក្សានិងអភិរក្សពូជត្រីក្នុងស្រុក ជាពិសេសប្រភេទត្រីកំពុងរងគ្រោះ ។ ជាមួយនេះ វាក៏មានន័យសំខាន់ទៀតដែរ នោះគឺបំផុសឲ្យមានការចូលរួមទាំងអស់គ្នា លើការងារអភិរក្សជីវៈចម្រុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផល សម្រាប់ការផ្តង់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ៖ ក្នុងស្ថានភាពនៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច ៧% ក្នុង១ឆ្នាំ និង កំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និង ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៏ជាបណ្តាញមួយនៃសុវត្ថិភាពសង្គម ដែលមានប្រជាជនជាច្រើន មានមុខរបរពាក់ព័ន្ធទៅនឹងអនុវិស័យនេះ ។ ដោយពិតណាស់ថា នៅក្នុងតំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍឈានឡើង តែត្រី និង វារីជាតិផ្សេងៗទៀត ស្ថិតតែនៅជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ ៕