រដ្ឋមន្ត្រីពាណិជ្ជកម្មថា ខ្មែរនឹងគាំទ្រផលិតផលខ្មែរកាន់តែច្រើន នៅពេលសហគ្រិនអាចពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ

អត្ថបទដោយ៖
Kien Sereyvuth

(ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថាប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រ ហើយប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន នៅពេលណាដែលផលិតករ និងសហគ្រិនក្នុងស្រុក អាចផលិតទំនិញដែលមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យ ប្រហាក់ប្រហែលទំនិញនាំចូលពីបរទេស ព្រោះ​នេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអតីតមន្ទីរពេទ្យយោធា ខាងលិចតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរខេត្ត តំណាងអង្គការ អាជីវករ ពាណិជ្ជករ និងនិស្សិតប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវឲ្យផលិតករ បន្តខំប្រឹងអភិវឌ្ឍន៍គុណភាពផលិតផលឲ្យបានកាន់តែប្រសើរថែមទៀត ដោយប្រើប្រាស់គំនិតច្នៃប្រឌិត ទាំងបច្ចេកទេសផលិត ការវេចខ្ចប់ ការដាក់ម៉ាក និងការកំណត់តម្លៃ ព្រមទាំងធ្វើយុទ្ធសាស្ត្រទីផ្សារ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបញ្ហាប្រឈម និងលក្ខខណ្ឌ ដែលកម្ពុជាត្រូវបំពេញ ក្រោយចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានពន្យល់អង្គពិធី អំពីវិធានការណ៍រយៈពេលខ្លី ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដូចជាការយកពន្ធ និងការប្រើប្រាស់ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការហូរចូលនូវប្រភេទទំនិញ ដែលអាចបង្កផលប៉ះពាល់ដល់សុខមាលភាពប្រជាជន និងហានីភ័យចំពោះសេដ្ឋកិច្ចកម្ពុជា។

«សរុបឲ្យខ្លី! ដើម្បីឲ្យផលិតផលខ្មែរមានទីផ្សារខ្ពស់ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផលិតករ សហគ្រិន និងប្រជាជនខ្មែរទាំងអស់ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងនៅតែបន្តស្វែងរកទីផ្សារថ្មីៗ និងគាំទ្រវិស័យឯកជនជានិច្ច» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

គួររំលឹកដែរថា «យុទ្ធនាការទិញផលិតផលខ្មែរ» គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៥។ យុទ្ធនាការនេះ គឺជាសំឡេងជួង ដើម្បីដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។ ម្យ៉ាងទៀតយុទ្ធនាការនេះ​ ក៏មានគោលដៅជួយពង្រឹងសង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីផលិតទំនិញដែលមានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ សម្រាប់ប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

បន្ទាប់ពីទទួលបានជោគជ័យចំនួន ២ រដូវកាលជាប់គ្នា ក្រសួងពាណិជ្ជកម្ម បានជ្រើសរើសយករាជធានី-ខេត្តចំនួន ៦ ធ្វើជាកន្លែងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដោយចាប់ផ្តើមពីខេត្តបន្ទាយមានជ័យ រួចបន្តទៅដល់ខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និងបិទបញ្ចប់នៅរាជធានីភ្នំពេញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner