សេចក្តីប្រកាសព័ត៌មានអង្គបុរេជំនុំជម្រះចេញសេចក្តីពិចារណារបស់ខ្លួនលើបណ្តឹងឧទ្ធរណ៍ របស់សហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលសម្រេចលើកលែងចោទប្រឆាំងនឹងអ៊ឹម ចែម

អត្ថបទដោយ៖
Kien Sereyvuth

អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីពិចារណារបស់ខ្លួន លើពាក្យបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលបានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងនឹងអ៊ឹម ចែម លើបទល្មើសព្រហ្មទណ្ឌនានា ដោយមូលហេតុមិនមានយុត្តាធិការបុគ្គល។

ជាឯកច្ឆ័ន្ទ អង្គបុរេជំនុំជម្រះ យល់ឃើញថា មានការខ្វះចន្លោះនៃនីតិវិធី ជាពិសេសទាក់ទងនឹងការកំណត់ភស្តុតាង និងការពន្យារពេល ដោយមិនសមស្របក្នុងការបិទការស៊ើបអង្កេត។ អង្គបុរេជំនុំជម្រះ
បានសម្រេចថា ច្បាប់ជាធរមានចំពោះមុខ អ.វ.ត.ក មិនបានដកហូតនូវសមត្ថកិច្ចរបស់តុលាការជាតិ
នោះទេ។
ចៅក្រមទាំង ៥រូបរបស់អង្គបុរេជំនុំជម្រះ មានការយល់ឃើញផ្សេងគ្នាចំពោះអង្គសេចក្តីនៃ
បណ្តឹងឧទ្ធរណ៍នេះ។ ចៅក្រម ៣ រូប បានយល់ឃើញថា អ.វ.ត.ក មិនមានយុត្តាធិការបុគ្គលចំពោះ
អ៊ឹម ចែម។ ចៅក្រម ២ រូប បានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ អ៊ឹម ចែម ថាជាជនម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀត ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត និងជឿជាក់ថា អ.វ.ត.ក មានយុត្តាធិការបុគ្គលលើគាត់។
ដើម្បីបដិសេធសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត យើងត្រូវការសំឡេងគាំទ្រ ៤ លើ៥ ដូច្នេះសេចក្តីសម្រេចអំពីកង្វះយុត្តាធិការបុគ្គលលើ អ៊ឹម ចែម ត្រូវបានតម្កល់។ សេចក្តីសម្រេចនេះនឹងបិទបញ្ចប់នូវសំណុំរឿង អ.វ.ត.ក ០០៤/១។

សេចក្តីពិចារណារបស់អង្គបុរេជំនុំជម្រះ ក៏ដូចជាសេចក្តីសម្រេចដែលត្រូវបានប្តឹង ត្រូវបានផ្សព្វ
ផ្សាយក្នុងគេហទំព័ររបស់ អ.វ.ត.ក  https://www.eccc.gov.kh/km/node/40347 ឬ www.eccc.gov.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក នេត្រ ភក្ត្រា
ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ អ.វ.ត.ក
ទូរសព្ទចល័ត៖ ៨៥៥ (០) ១២ ៤៨៨ ១៥៦ ឬ (០) ១២ ៤៨៣ ២៨៣
ទូរសព្ទលើតុ៖ ៨៥៥ (០)២៣ ៨៦១ ៦៥៤
អ៊ីមែល៖ neth.pheaktra@eccc.gov.kh

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner