ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានត្រៀមកម្លាំងជិត១ពាន់នាក់ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ និងត្រៀមទប់ទល់បង្ក្រាបទៅលើក្រុមប្រឆាំងក្រៅច្បាប់ បង្កបាតុភាព និងរំខានដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ!

អត្ថបទដោយ៖
Kien Sereyvuth

  ខេត្តរតនគិរី៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នៃរដ្ឋសភាជាតិ នៅប្រមាណ៣០ថ្ងៃទៀតប៉ុណ្ណោះ នឹងខិតចូលមកដល់នោះហើយ។ ស្របពេលជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានត្រៀមកម្លាំងនគរបាល និងកម្លាំងប្រជាការពារ ក្នុងខេត្ត ជិត១ពាន់នាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងក៏ដើម្បីត្រៀមទប់ទល់បង្ក្រាប ទៅលើក្រុមប្រឆាំងក្រៅច្បាប់ ដែលមានបំណងចង់បង្ករការអុកឡុក រំខានដល់ដំណើរការបោះឆ្នោតផងនោះដែរ។

  ការត្រៀមកម្លាំងជិត១ពាន់នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩មិថុនានេះ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាព អភិបាលខេត្តរតនគិរី លោក ថង សាវុន ក្រោមកិច្ចស្វាគមន៍ ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ នួន គឿន កម្លាំងនគរបាលជាតិ និងកម្លាំងប្រជាការពារភូមិ នោះផងទៀត។
  ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ នួន គឿន បានមានប្រសាន៍ថា ដោយអនុវត្តន៍តាមបទបញ្ជា អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បោះឆ្នោត នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងបទបញ្ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោក ថង សាវុន ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំការជួបជុំ កងកម្លាំងនគរបាលខេត្ត នគរបាលក្រុង ស្រុកទាំង៩ នគរបាលវរៈសេនាតូចការពារព្រំដែនទាំងពីរ និងកម្លាំងប្រជាការពារភូមិ ចំនួន៨១២នាក់ កម្លាំងទាំងនេះសុទ្ធសឹងតែជាកម្លាំងអន្តរាគមន៍ សំរាប់ដោះស្រាយរាល់សភាពការណ៍ សំដៅពង្រឹងសន្តិសុខសង្គមជូនប្រជាពលរដ្ឋ ជាពិសេស ពង្រឹងសន្តិសុខបំរើឲ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាជាតិនាពេលខាងមុខនេះ។

  លោកឧត្តមសេនីយ៍ទោ នួន គឿន បានថ្លែងទៀតថា អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកំណត់ឲ្យគ្រប់ស្នងការដ្ឋាននគរបាល ទូទាំងប្រទេស ត្រូវរៀបចំឲ្យមានកម្លាំងអន្តរាគមន៍ សំរាប់ដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំបង្កើតកងអន្តរាគមន៍ពិសេសមួយ ដែលមានកម្លាំង១២០នាក់ កម្លាំងនេះបាននិងកំពុងហ្វឹកហាត់ប្រចាំថ្ងៃជាបន្តបន្ទាប់ ហើយក្នុង១២០នាក់នេះ បានបែងចែកតួនាទីទទួលខុសត្រូវ ក្នុងគោលដៅប្រតិបត្តិការ ក្នុងនោះ៥៥នាក់កាន់ខែលឆក់ និងដំបងឆក់ ៥៥នាក់ទៀតកាន់ខែលធម្មតា និងដំបងធម្មតា និង១០នាក់ទៀត កាន់អាវុធបាញ់គ្រាប់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក។

លោកថា ក្រៅពីកងអន្តរាគមន៍ពិសេស ស្នងការដ្ឋានបានរៀបចំចងក្រងជាកងមួយទៀត គឺក្រុមជំនួយអន្តរាគមន៍ ដែលច្របាច់បញ្ចូលកម្លាំង មកពីគ្រប់ការិយាល័យជំនាញ ក្រុមនេះមានកម្លាំង១៣០នាក់ ត្រូវបានបែងចែកជា៤វេនផ្លាស់ប្តូរប្រចាំការ ហើយវេននីមួយៗទទួលខុសត្រូវប្រចាំការ២៤ម៉ោងជារៀងរាល់ថ្ងៃ តាមដានសភាពការណ៍ប្រចាំថ្ងៃ និងចេញអន្តរាគមន៍ ជួយដល់កម្លាំងអន្តរាគមន៍ពិសេស ក្នុងករណីមានសំណូមពរចាំបាច់។ ចំណែក អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទាំងពីរ បានរៀបចំកម្លាំងអន្តរាគមន៍៨៣នាក់ និងនៅអធិការដ្ឋាននគរបាលក្រុង និងស្រុកទាំង៩ ក៏បានរៀបចំក្រុមអន្តរាគមន៍មួយផងដែរ ដោយបញ្ចូលឈ្មោះចាប់ពី២០ទៅ៣០នាក់។ ហើយកម្លាំងនេះបានច្របាច់បញ្ចូលគ្នា ជាកម្លាំងសរុបចំនួន២២៩  ក្នុងស្ថានភាពធម្មតា កម្លាំងនេះបំពេញភារកិច្ចជំនាញស្នូលរបស់អង្គភាពខ្លួន ក្នុងសភាពការណ៍ចាំបាច់ កម្លាំងនេះ ត្រូវមកប្រមូលផ្តុំនៅទីតាំងណាមួយជាកំណត់ និងទទួលចេញបញ្ជាប្រតិត្តិការពីមេបញ្ជាការ។

  លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងទាំងអស់នេះបាន និងកំពុងធ្វើការហ្វឹកហាត់ពីក្បួនប្រតិបត្តិការ ឲ្យមានសមត្ថភាព មានឆន្ទៈ មានភាពរហ័សរហួនប៉ិនប្រសព្វ ឈ្លៀសវៃ យល់ដឹងអំពីរបៀប និងនីតិវិធី នៃការបំបែកហ្វូងបាតុកម្ម ឬកន្លែងបង្កចលាចលផ្សេងៗ។ រីឯកម្លាំងប្រជាការពារនោះវិញ លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បោះឆ្នោត បានកំណត់ឲ្យគ្រប់ស្នងការដ្ឋានរាជធានី-ខេត្ត ត្រូវប្រើប្រាស់កម្លាំងប្រជាការពារ ឲ្យចូលរួមការពារការបោះឆ្នោតក្នុងពេលខាងមុខ។

អភិបាលខេត្តរតនគិរី លោកថង សាវុន បានមានប្រសាសន៍ ដាស់តឿនស្មារតីដល់កងកម្លាំងទាំងអស់ ពិសេស កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ត្រូវខិតហ្វឹកហាត់ឲ្យបានល្អ ដើម្បីត្រៀមលក្ខណៈបង្ការការទប់ស្កាត់ នូវរាល់បាតុភាព បង្កការអុកឡុកចង់បំផ្លាញសុខសន្តិភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ត្រូវរក្សាការពារសន្តិសុខ នៅក្នុងអំឡុងពេល នៃយុទ្ធនាការបោះឆ្នោត និងនៅក្រោយការបោះឆ្នោត រហូតដល់សំរេចបានការបង្កើតឡើងនូវរាជរដ្ឋាភិបាល។

លោកអភិបាលខេត្តមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ មានកម្លាំងនគរបាល កម្លាំងប្រជាការពារ កម្លាំងប្រតិបត្តិការសឹក និងកម្លាំងអាវុធហត្ថខេត្ត ត្រូវធ្វើការសហការរួមគ្នា ដើម្បីធ្វើការទប់ស្កាត់ នូវរាល់បាតុភាព ប្រសិនបើមានក្រុមណាមួយ បុគ្គលណាមួយ ឬជាតិណាមួយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពរបស់យើង។ លោកថង សាវុន បានធ្វើការណែនាំដល់នាយ និងពលនគរបាល និងកម្លាំងប្រជាការពារទាំងអស់ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកការពារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវតែប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ពិសេសរបស់កងកម្លាំង បើទោះបីអំពើការប្រព្រឹត្តខុសឆ្គងរបស់ជនល្មើស ឬជនណាមួយ ត្រូវតែអនុវត្តន៍ទៅតាមនីតិវិធី ទៅតាមរបៀប និងវិធីសាស្ត្រឲ្យខាងតែបាន៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner