បេក្ខជនជាង១១ម៉ឺន៧ពាន់នាក់ គ្រោងនឹងចូលរួមប្រឡងសញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃ២៨មិថុនានេះ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃ២០សីហាឆ្នាំ ២០១៨។ ការប្រឡងមានបេក្ខជនសរុប១១ម៉ឺន៧ពាន់៦១នាក់ ចែកចេញជា១៩៥មណ្ឌល មាន៤ពាន់៧៦១បន្ទប់ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ចំពោះលទ្ធផលប្រឡង ត្រូវគេគ្រោងនឹងប្រកាស នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃ១១កញ្ញាឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃ១២កញ្ញា សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗ។
ទន្ទឹងនឹងនោះដែរ ក្រសួងអប់រំបានអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទបញ្ញាតិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងអប់រំបានព្រមានថា ក្នុងករណីរកឃើញ ថាមានលាក់ទុក ត្រូវចាត់ទុកថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញាតិ និងកម្រិតវិន័យចំពោះបេក្ខជន និងត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។