រថយន្តមិនស្គាល់ម៉ាកបើកគៀរម៉ូតូបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកគៀរម៉ូតូរបស់គាត់បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ រួចរថយន្តបើករត់គេចខ្លួនបាត់ស្រមោល។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្បែរបងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមសម្ដីបងថ្លៃសពជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទាំ ទុំ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅម្តុំផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះទើបតែចេញពីធ្វើការ ក៏បានធ្វើដំណើរទៅផ្ទះរបស់ខ្លួនវិញ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ ១២៥ សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ.1GY – 0092 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកយ៉ាងលឿនហើយបានគៀរដៃចង្កូតម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រីឯរថយន្តបង្កវិញបានបើករត់គេចខ្លួនដោយសុវត្ថិភាព។
ក្រោយកើតហេតុសម្ថកិច្ចបានធ្វើកំណត់ហេតុ និងបានប្រគល់សពទៅសាច់ញាត្តិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់ប្រពន្ធក្នុងខេត្តតាកែវ៕