បើករថយន្តលឿនពេក រេចង្កូតទៅបុករះម៉ូតូអូសអេតចាយ បង្គោលភ្លើង និងរថយន្តមួយគ្រឿងទៀត រងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសពីរនាក់រួមដំណើរដោយរថយន្តមួយគ្រឿង បានបើកបរលឿនពេក ជ្រុលទៅប៉ះឃឿនចញ្ចើមផ្លូវ ហើយក៏រេចង្កូតទៅបុករះម៉ូតូអូសអេតចាយ បង្គោលភ្លើង និងរថយន្តមួយគ្រឿងទៀតនៅចញ្ចើមផ្លូវ រងការខូចខាត សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

        ហេតុការណ៍គ្រឿងថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាបលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨  នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ (ជួរផ្លូវមាត់ទន្លេ) ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

        យោងតាមប្រភពព័ត៌មានពីប្រជាបលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានរថយន្តបង្កម៉ាក កាមរីបាឡែន  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6989 ដែលធ្វើដំណើរដោយបុរសពីរនាក់រួមគ្នាក្នុងរថយន្ត ហើយបានបើកបរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបះនិងឃឿនចញ្ចើមផ្លូវ ធ្វើឲ្យរថយន្តរេចង្កូតទៅបុករះម៉ូតូអូសអេតចាយ បង្គោលភ្លើង និងរថយន្តមួយគ្រឿងទៀត ដែលនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត (តែមិនធ្ងន់ធ្ងរ) និងមិនបង្កឲ្យមនុស្សរងរបួសនោះដែរ ។ ចំណែករថយន្តបង្កវិញបានបែកកង់ក្រោយ និងដាច់កាឡែងកង់មុខ រួមទាំងកាងមុខ រងការខូចខាតយ៉ាងដំណំ ។

         ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះដោះស្រាយ ដោយផ្ដល់សំណងនៃការខូចខាតទៅលើម៉ូតូ និងរថយន្ត ដែលរងប៉ះពាល់ខាងលើ ។ តែទោះជាយ៉ាងណា រថយន្តបង្កខាងលើនេះ នៅតែសមត្ថកិច្ចធ្វើការវាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់ ព្រោះតែបានបង្កឲ្យបាក់បង្គោលភ្លើង ដែលជាសម្បត្តិរដ្ឋ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner