ជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនជាង១០០គីឡូក្រាម កំពុងស្ថិតក្រោមការសាកសួរ និងត្រួតពិនិត្យ នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង
ការសាកសួរជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនទាំង៣នាក់នោះ គឺកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានធ្វើឡើងនៅបន្ទាប់ពីមានការបង្ក្រាប ការចរាចរណ៍នាំចូលគ្រឿងញៀន ពីខេត្តចំប៉ាសាក់ ប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុង លក្ខណៈទ្រង់ទ្រាយធំ និងមិនធ្លាប់មាននោះទេពីមុនមក។
រីឯការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងដែននោះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបាន១២០ដុំ បើតាមការប៉ាន់ប្រមាណអាចមានទម្ងន់ស្មើនឹង១២០គីឡូក្រាម ជាប្រភេទថ្នាំញៀនម៉ាទឹកកក អ៊ិចស្ដាហ្ស៊ី ដោយដឹកជញ្ជូនតាមរថយន្តក្រុងសូរិយា ធ្វើឡើងក្រោមកិច្ចសហការណ៍បង្ក្រាប រវាងកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កាលពីម៉ោង២ និង៣៥នាទីរសៀល ថ្ងៃទី២៦មិថុនា២០១៨។
មន្ត្រីនគរបាលនៅក្នុងការបង្ក្រាបគ្រឿងញៀននេះ បានបង្ហើបឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនទាំងនោះ ចេញពីប្រទេសឡាវចូលមកប្រទេសកម្ពុជា ដោយប្រើប្រាស់មធ្យោបាយរថយន្តក្រុង ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ ហើយសមត្ថកិច្ចច្រកទ្វារនៅគ្រានោះ បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន«សូរិយា»១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2671 ខណៈកំពុងធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យ ហើយក៏ប្រទះឃើញថ្នាំញៀនមានរហូតដល់ទៅ១២០ដុំ ក្នុង១ដុំអាចមានទម្ងន់១គីឡូក្រាម ដូច្នេះ ១២០ដុំ មានទម្ងន់អាចស្មើនឹង១២០គីឡូ ក្រាម ជាប្រភេទម៉ាទឹកកក។
លោកថា ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនទាំង១២០ដុំ ហើយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ប៉ុន្តែ ក្រោយការសាកសួរនោះរួច ឃើញថា បុរស៣នាក់ត្រូវបានដោះលែងវិញ ក្នុងចំណោម៦នាក់ បន្ទាប់ពីបានរកឃើញថា ជនទាំង៣នាក់ដែលដោះលែងវិញនោះ មិនជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ទាំងនេះឡើយ។ ចំណែក ជនសង្ស័យជាតិខ្មែរ៣នាក់ទៀត ត្រូវបានបន្តឃាត់ខ្លួន និងបញ្ជូនមកកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ មន្ត្រីដដែលបានបញ្ជាក់ថា រហូតមកទល់នឹងរសៀលថ្ងៃទី២៧មិថុនានេះ ជនសង្ស័យជួញដូរគ្រឿងញៀនទាំង៣នាក់ រួមជាមួយថ្នាំញៀនទាំង១២០ដុំ ស្មើនឹង១២០គីឡូក្រាម កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុកពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង។ ច្បាប់ប្រឆាំងគ្រឿងញៀនរបស់កម្ពុជា បានចែងថា ជនណាជួញដូរគ្រឿងញៀនចាប់ពី៨០ក្រាមឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕