សិស្សានុសិស្សជាច្រើនរយនាក់ រៀននៅសាលាបឋមសិក្សាអនុវត្តន៍ ទទួលបានការណែនាំឲ្យមានការយល់ដឹង ពីការបរិភោគអាហារដែលគ្មានគុណភាព អាចធ្វើឲ្យប៉ះពាល់ដល់សុខមាលភាព និងការរស់នៅ!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង លោក គឹម ប្រុស លោកបានដឹកនាំមន្ត្រីក្រោមឧិវាទ រួមនឹងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅកាន់សាលារៀនមួយក្នុងក្រុងស្ទឹងត្រែង ហៅថា សាលាបឋមសិក្សាអនុវត្តន៍ ដោយមានការសហការណ៍ល្អ ពីនាយកសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យរកមើលចំណីអាហារ និងរបស់វេចខ្ចប់នានា ដែលហួសកាលបរិច្ឆេទលក់ដូរ ធ្វើប៉ះពាល់សុខភាពកុមារ ព្រមទាំងបានប្រជុំផ្សព្វផ្សាយ ដល់សិស្សា នុសិស្សច្រើនរយនាក់ បានយល់ដឹងពីការបរិភោគអាហារដែលគ្មានគុណភាព។ ការត្រួតពិនិត្យចំណីអាហារលក់សំរាប់កុមារបរិភោគនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧មិថុនានេះ នៅក្នុងសាលាបឋមសិក្សាអនុវត្តន៍ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

  បន្ទាប់ពីក្រុមមន្ត្រីជំនាញកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះទៅដល់សាលារៀននោះមក មន្ត្រីជំនាញទាំងពីរ រួមជាមួយនាយកសាលាអនុវត្តន៍ បានធ្វើការត្រួតពិនិត្យទៅលើតូបលក់ដូរជាច្រើនកន្លែង នៅក្នុងបរិវេណសាលារៀន ដែលមានដាក់តាំងលក់ នូវសម្ភារៈវេចខ្ចប់ ភេសជ្ជៈ និងចំណីអាហារនានាជាច្រើនទៀត ដើម្បីធ្វើការពិសោធន៍ និងស្រាវជ្រាវរកទំនិញ ផលិតផល និងចំណីអាហារ ដែលកំពុងលក់ដូរឲ្យកុមារា កុមារី ដែលជាសិស្សានុសិស្សបរិភោគ។ នៅពេលនោះ ក្រុមមន្ត្រីជំនាញបានធ្វើការដកហូតនំកញ្ចប់ ទឹកក្រូច ទឹកសារ៉ូ និងរបស់វេចខ្ចប់មួយចំនួនទៀត ក្រោយការរកឃើញថា ផលិតផល និងចំណីអាហារទាំងនោះ បានហួសកាលបរិច្ឆេទប្រើប្រាស់នោះមក។

   ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានធ្វើការណែនាំដល់អ្នកលក់ដូរនំ ចំណីអាហារ និងភេសជ្ជៈនៅតាមតូបលក់ដូរក្នុងសាលាទាំងនោះ ថានៅមុនទិញទំនិញយកមកលក់ឲ្យកុមារា កុមារី ដែលជាសិស្សានុសិស្សទាំងនេះបរិភោគ ត្រូវតែពិនិត្យទៅលើថ្ងៃ ខែ ឆ្នាំផលិត ពិនិត្យលើស្លាកសញ្ញាក្រុមហ៊ុនផលិតឲ្យបានត្រឹមត្រូវ ជៀសវាងនាំយកទំនិញ ឬផលិតផលទាំងនេះ មកលក់ដូរឲ្យក្មេងតូចៗបរិភោគ ដែលគ្មានគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពរបស់កុមារ។ នៅខណៈនោះ លោកគឹម ប្រុស ក៏បានទិញផលិតផល របស់វេចខ្ចប់ និងភេសជ្ជៈហួសកំណត់ថ្ងៃខែលក់ដូរ ពីអ្នកលក់ដូរតាមតូបក្នុងសាលារៀននោះ ហើយបានបញ្ជាក់ប្រាប់អ្នកលក់ដូរទាំងនោះថា នៅថ្ងៃក្រោយប្រសិនបើលោកចុះរកឃើញ ទំនិញខូចគុណភាពបែបនេះទៀត លោកឈប់ទិញយកទៀតហើយ គឺលោកធ្វើការដកហូត និងពិន័យតាមច្បាប់ជាក់ជាមិនខាន។

  បន្ទាប់ពីបានបញ្ចាប់ធ្វើការត្រួតពិនិត្យចំណីអាហារ លក់តាមតូបក្នុងសាលារៀននោះមក ក្រុមមន្ត្រីជំនាញទាំងពីរ ដោយមានការសហការណ៍ល្អ ពីនាយកសាលាអនុវត្តន៍ បានជួបជាមួយសិស្សានុសិស្សជាច្រើនរយនាក់ នៅក្នុងសាលារៀនមួយនេះ ដើម្បីពន្យល់ផ្សព្វផ្សាយ ធ្វើឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យមានការយល់ដឹងពីគុណវិបត្តិ នៃការបរិភោគចំណីអាហារ ដែលគ្មានគុណភាព និងហួសកាលបរិច្ឆេទ។

  នាយកសាលាបឋមសិក្សាអនុវត្តន៍ លោក ឡន សុផល លោកបានសន្យាថា លោកនឹងបង្កើតគណៈកម្មការថ្មីមួយនៅក្នុងសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យទៅលើមុខទំនិញទិញដូរនានា នាំយកមកពីផ្សារលក់ឲ្យសិស្សបរិភោគឲ្យបានត្រឹមត្រូវ ហើយលោកនឹងធ្វើការណែនាំដល់អ្នកលក់ដូរក្នុងសាលារៀនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ននៅក្នុងការនាំទំនិញយកមកលក់ ដែលហួសកាលបរិច្ឆេទ ធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារៗនៅទីនេះ។ លោកបានថ្លែង អំណរគុណ ចំពោះការចុះមកពិនិត្យលើការលក់ដូរ នៅក្នុងសាលារៀននេះ ហើយលោកសង្ឃឹមថា នៅថ្ងៃក្រោយសាលារៀនមួយនេះ នឹងទទួលបានទំនិញប្រកបដោយគុណភាព ពិសេស គឺសុខភាពរបស់កុមារ ត្រូវបានគិតគូ៕  ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner