ខ្សែភាពយន្តខ្មែរខ្នាតធំរឿង “បាតដៃខ្មៅ” របស់ក្រុមហ៊ុន Sabay សហការជាមួយ Studio 4 សម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ដើម្បីតបតាមកំនើនតម្រូវការអតិថិជន
ភ្នំពេញ៖ ខ្សែភាពយន្តខ្មែខ្នាតធំ រឿង «បាតដៃខ្មៅ» របស់ក្រុមហ៊ុន Sabay សហការជាមួយនឹង Studio 4 បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ អតិថិជន ខណៈរឿងនេះ ផលិតយ៉ាងយកចិត្តទុកពីសំណាក់ផលិតករ អ្នកដឹកនាំរឿង និងតួ សម្តែងវ័យក្មេងដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ។ ខ្សែភាពយន្តខ្នាតធំរឿង «បាតដៃខ្មៅ» នឹងបង្ហាញវត្តមានចាប់ពីថ្ងៃទី២៨ ខែមិថុនានេះទៅ នៅគ្រប់រោងភាពយន្តទំនើប នៅភ្នំពេញ និងរោងភាពយន្ត Major Cineplex by Smart ខេត្តសៀមរាប ។
ភាពយន្តនេះ ត្រូវបានអ្នកដឹកនាំរឿងលោក មាស រស្មី អះអាងថា ជាខ្សែរឿងខ្នាតធំទីមួយ ក្នុង អាជីពការងារជិត១០ឆ្នាំរបស់លោក ហើយថា លោកបានចំណាយពេលជាងមួយភាគបីនៃ គម្រោងទៅលើការសរសេរអត្ថបទរឿង ដោយត្រូវសម្រួលពីប្រលោមលោក ដែលសរសេរ សម្រាប់ការស្រមៃ មកជាអត្ថបទរឿងដែលសរសេរសម្រាប់ការថតជារូបភាព និងសំឡេង ។មិនតែប៉ុណ្ណោះលោកក៏បានចំណាយពេលចុះទៅដល់ខេត្ត ដែលសាច់រឿងដើមបាននិយាយ ដូចជាតាកែវ និងស្ទឹងត្រែងជាដើម ។ លោកបន្ថែមទៀតថា សាច់រឿងនេះ បានបង្កប់អត្ថន័យ អប់រំ មិត្តភាព និងស្នេហា ជាពិសេសឈុតឆាកប្លែកភ្នែក ភ័យរន្ធត់មួយចំនួន ដែលទស្សនិកជន នឹកស្មានមិនដល់ ។
ដោយឡែកលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានឲ្យ ដឹងថា “បាតដៃខ្មៅ” ជាភាពយន្តថ្មីប្លែកខុសពីអ្វីដែលមាននៅលើទីផ្សារភាពយន្តខ្មែរបច្ចុប្បន្ន វាជាភាពយន្តមានខ្លឹមសារបណ្ដុះគំនិតយុវវ័យអោយ ចេះកំណត់គោលដៅជីវិត របៀបដែលត្រូវ ដើរ និងអ្វីដែលពួកគេត្រូវធ្វើ ។ លោកនាយកបានគួសបញ្ជាក់ថា ការវិនិយោគរឿង “បាតដៃខ្មៅ” វាគ្រាន់តែជាការចាប់ផ្តើមរបស់ Sabay លើវិស័យភាពយន្តខ្មែរប៉ុណ្ណោះ មិនមែនជាកត្តាវាស់វែង ផែនការអនាគតនោះទេ ដូច្នេះទោះរឿងនេះជោគជ័យ ឬអត់ Sabay នៅតែវិនិយោគកុនទម្រង់ ថ្មីៗជាបន្តទៀត ៕