យុវជនកាកបាទក្រហមកម្ពុជាថ្មី ១០៥នាក់ ត្រូវបានបំពាក់កន្សែង
ភ្នំពេញ៖ យុវជនកាកបាទក្រហមកម្ពុជាថ្មី ១០៥នាក់ ត្រូវបានបំពាក់កន្សែង នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងនាមយុវជន ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា មិនចំពោះឯកសណ្ឋានណានោះទេ ឲ្យតែជួយដល់សង្គមកម្ពុជាទៅគឺបានហើយ ការលើកឡើង រប ស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងខណៈឯកឧត្តម អញ្ចើញចែករំលែកនូវបទពិសោធន៍ និង ចំណេះដឹងជូនដល់ប្អូនៗកាកបាទក្រហមកម្ពុជានិងសិស្សសាលាប៊ែលធីអន្តរជាតិ ឱ្យយល់ដឹងពីការងារស្មគ្រ័ចិត្តជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី ១០៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនា រសៀលថ្ងៃទី២៥មិថុនា ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីយើងជាយុវជន(សសយក) កាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធ និង យុវជនផ្សេងៗទៀត គឺយើងមានមូលដ្ឋានដូចគ្នាតែឯកសណ្ឋានខុសគ្នាក៍ពិតមែន។ មូលដ្ឋានមុនដំបូងយើងជាខ្មែរដូចគ្នា យុវជនជាទំពាំងស្នងឬស្សី និងការងារស្មគ្រ័ចិត្ត ។ ការងារស្មគ្រ័ចិត្ត ទាមទារឱ្យយើងមានចិត្តវានឹងផ្ដល់ផលប្រយោជន៍យ៉ាងខ្លាំងចំពោះយើងផ្ទាល់ក្រុមគ្រួសារនិងសង្គមជាតិវានឹងផ្ដល់ឱកាសដល់យើង៣ចំណុច ទី១សាកល្បងសមត្ថភាពខ្លួនឯងទី២សាកល្បង ទឹកចិត្ត ទី៣វប្បធម៌នៃការចែករំលែក។
ឯកឧត្តមបណ្ឌិត លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ សាកលវិទ្យាល័យ បានឱ្យដឹងថា យុវជនកាកបាទក្រហមកម្ពុជាថ្មី ១០៥នាក់ បានបើកវគ្គបណ្ដុះបណ្ដលជាមូលដ្ឋានលើកទី២ បានផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗ រួមមាន៖
១-ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ
២-គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមកម្ពុជា ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ
៣-ខ្លឹមសារគោលនយោបាយ និងការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា
៤-ស្វែងយល់ និងអនុវត្តពីវិជ្ជាសង្គ្រោះបឋម
៥-សិក្សាស្វែងយល់ពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ល។ កន្លងមក ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិតប៊ែលធី បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា ការបរិច្ចាគឈាម ការផ្តល់អំណោយជូនចាស់ជរា ស្រ្តីសម្រាលកូន ក្មេងកំព្រា ប្រជាជនក្រីក្រតាមមូលដ្ឋាន ការដាំកូនឈើ ការសម្អាតបរិស្ថាន និងសកម្មភាពសង្គមផ្សេងៗទៀត តាមរយៈ មូលនិធិសប្បុរសធម៌ប៊ែលធី (BELTEI Charity Foundation)។
ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាយុវជនជំនាន់មុនមិនសំណាងដូចយុវជនសម័យតេជោហ៊ុនសែនមិនមានឱកាសបានសិក្សារៀនសូត្រមិនបានគិតគូរពីការងារជួយសង្គមនិងការកសាងជាតិដោយសារប្រទេសមានសង្រ្គាមជាច្រើនទស្សវត្តន៍ជាពិសេសយុវជនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។ សព្វថ្ងៃនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យយុវជនយើងមានឱកាសគ្រប់គ្រាន់ក្នុងការក្រេបជញ្ចក់នូវចំណេះដឹងបានចូលរួមយ៉ាងសកម្មក្នុងការបំរើការងារសង្គមដោយពេញលេញស្មើមុខមាត់ជាមួយយុវជននានាលើពិភពលោក។ឯកឧត្ដម បានបញ្ជាក់ថាយើងជាយុវជនត្រូវមានឆន្ទះ ធ្វើការងាររៀនសូត្រជាក្រុមចេះជួយគ្នាទៅវិញទៅមកនិងការទទួលខុសត្រូវកត្តាទាំងនេះជាប្រយោជន៍សំខាន់ដល់សង្គមជាតិ។ ឯកឧត្ដម បានផ្ដាំផ្ញើរដល់យុវជនជំនាន់ក្រោយខិតខំរៀនសូត្រឱ្យក្លាយជាសិស្សពូកែកូនល្អមិត្តល្អនិងជាពលរដ្ឋល្អ ចេញអោយឆ្ងាយពីគ្រឿងញៀនល្បែងស៊ីសងក្មេងទំនើងដែលសង្គមស្អប់ខ្ពើម ដើម្បីក្លាយជាយុវជនគំរូកម្ពុជាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្សយុវជនជំនាន់ក្រោយៗឱ្យមានភាពក្លាហានហានទទួលខុសត្រូវចំពោះខ្លួនឯងនិងសង្កមជាតិ៕