សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី២

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី២។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បី អនុម័តកំណត់ហេតុប្រជុំសាមញ្ញ លើកទី១ របស់ គ.ជ.ដ.អ, ស្តាប់របាយការណ៍វឌ្ឍនភាពការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ និងពិភាក្សា​ផ្តល់យោបល់ លើកគោលការណ៍ណែនាំសំខាន់ៗ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន។

សម្ដេចក្រឡាហោម ស ខេង ​បានពិភាក្សា និងផ្តល់អនុសាសន៍មួយចំនួនលើ «គោលការណ៍ណែនាំ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន‌» រួមមាន៖ បានឯកភាពលើគោលបំណងចម្បងៗទាំងបី គឺ​បំពេញកាតព្វកិច្ចជាអន្តរជាតិ ដើម្បីធានាឲ្យបានការចុះបញ្ជីអត្រានុកូលដ្ឋានទាំងអស់, បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់បង្កើតប្រព័ន្ធ គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណ ប្រជាជនទាំងអស់ និង​​អនុញ្ញាតឲ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់គោលបំណង នៃការធ្វើផែនការ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏​​បានឯកភាពលើគោលការណ៍សំខាន់ៗមួយចំនួន ដែលចំណុចទាំងនេះបានកំណត់នៅក្នុងផែនការណ៍យុទ្ធសាស្ត្រ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ រួចហើយ រួមមាន៖ ទី១៖ ច្បាប់នឹងកំណត់តែគោលការណ៍ និងនីតិវិធីសំខាន់ៗ, ទី២៖ គោលការណ៍ចុះបញ្ជីជាសកល និងជាកាតព្វកិច្ច, ទី៣៖ គោលការណ៍ចុះបញ្ជីជាលក្ខណៈបន្តជាប់រហូត និងជាអចិន្ត្រៃយ៍, ទី៤៖​ អត្តសញ្ញាណតែមួយសម្រាប់មនុស្សម្នាក់​, ទី៥៖ អត្ថន័យ នៃអត្តសញ្ញាណបុគ្គល, ទី៦៖ ចុះបញ្ជីត្រូវមានកំណត់ត្រាផ្លូវការ, ទី៧៖​ ទិន្នន័យរួម និងការពង្រីកការប្រើប្រាស់ និងទី៨៖ ការសម្ងាត់ និងសន្តិសុខទិន្នន័យ។

ដោយឡែក មានចំណុចមួយចំនួនទៀត ដែលនៅមានភាពស្រពិចស្រពិល ដែលចាំបាច់ត្រូវមានការពិភាក្សា ឲ្យបានច្បាស់លាស់បន្ថែមទៀត ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមមាន​ ការចុះបញ្ជីជាសកម្មដើម្បីធានានូវភាពពេញលេញ, ប្រព័ន្ធវិមជ្ឈការដែលមានគណនេយ្យភាព, ការផ្តល់ធនធានដោយនិរន្តរភាព, តួនាទីរបស់អ្នកផ្តល់ព័ត៌មាន, តួនាទីរបស់ IPIS, តួនាទីតុលាការ និងលក្ខណៈសម្បត្តិមន្ត្រីអត្រានុកូលដ្ឋានមូលដ្ឋាន។

សូមបញ្ជាក់​ថា គោលបំណង​នៃការបង្កើត ច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន គឺបំពេញកាតព្វកិច្ចជាអន្តរជាតិ ដើម្បីធានាឲ្យមានការចុះបញ្ជីកំណើត មរណភាព អាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍អត្រានុកូលដ្ឋាននានា ដែលបានកើតឡើងនៅកម្ពុជា បានទាំងអស់, បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់បង្កើតប្រព័ន្ធគួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណប្រជាជនទាំងអស់នៅកម្ពុជា និង​អនុញ្ញាតឲ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹម និងទាន់ពេលវេលា សម្រាប់គោលបំណង នៃការធ្វើផែនការ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner