សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បន្តសាងសង់ខ្នងផ្ទះលើកទី៨១ ជូនក្រុមគ្រួសារអតីតយុទ្ធជពលី

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សហការជាមួយនឹង សមាគមអតីតយុទ្ធជនស្រុកសន្ទុក ដោយមានការចូលរួម ពីសំណាក់កងកម្លាំងទាំង៣ប្រភេទ សាងសង់ផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះ លើកទី៨១ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីនិងប្រគល់ជូនដល់ម្តាយរបស់ អតីតយុទ្ធជនពលីសម័យសង្រ្គាម ។
លោកយាយ ហួត គឿន ជាម្ដាយអតីតយុទ្ធជនពលីឈ្មោះ  រាំង កយ អតីតបម្រើក្នុងជួរកងទ័ពនៅ ឆ្នាំ១៩៨៥ ឋានន្តរស័ក្តិថ្នាក់ព្រិន្ទបាលឯក នៅអង្គភាពសាលាហ្វឹកហ្វឺន យោធាខេត្តកំពង់ធំ បានផ្លាស់ទៅយោធាស្រុកស្ទោង នៅឆ្នាំ១៩៨៨ ហើយបានពលីជីវិតក្នុងសមរភូមិស្រុកស្ទោង នៅឆ្នាំ១៩៩០ បច្ចុប្បន្នលោកយាយ ហួត គឿន មានអាយុ ៨២ ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានកូន ០១ នាក់ និងចៅកំព្រា ០២ នាក់ នៅក្នុងបន្ទុក កូនស្រីលោកយាយ ជាអ្នកបម្រើការនៅក្នុងភោជនីយដ្ឋាន ដើម្បីយកប្រាក់មកចិញ្ចឹមលោកយាយ និងក្មួយកំព្រា ០២ នាក់ទៀត ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានជម្រុញឲ្យសាងសង់ផ្ទះជូនលោកយាយ ឲ្យបានឆាប់ ក្រោមការដឹកនាំសាងសង់ដោយ  លោកអនុសេនីយ៍ឯក ប៊ន វណ្ណនី មេបញ្ជាការផ្នែកសឹករងសន្ទុកនាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨។
ឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាការ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមិនទុកឲ្យគ្រួសារអតីតយុទ្ធជនណាត្រូវបោះបង់ចោលនោះទេ ទោះជានៅឆ្ងាយដាច់ស្រយាល ចំកាត់មាត់ញក ក៏សមាគមអតីតយុទ្ធជនខេត្តចុះទៅដល់គ្រប់ទីកន្លែង ជានិច្ចកាលតែងតែគិតគូរដល់អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ គឺត្រូវបានដោះស្រាយលំដាប់ ។
ឯកឧត្តម សោម ស៊ុន ប្រធានបានបញ្ជាក់ថា ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានដីតែគ្មានផ្ទះ គឺសមាគម និងសាងសង់ផ្ទះជូន ចំណែកអតីតយុទ្ធជនចំនួន១៦៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ សម្តេចតេជជោ ហ៊ុន សែន បានធ្វើផ្ទះ និងចែកដី បង្កើតជាភូមិ ឲ្យរស់នៅជាលក្ខណៈជាភូមិ ក្រោមការឯកភាព ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ  ដោយគ្រោងនិងបង្កើតជាភូមិក្នុងពេល ឆាប់ៗខាងមុខនេះ ដែលមានទីតាំងស្ថិតនៅឃុំក្រយាដងក្តា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner