អភិបាលខេត្ដសៀមរាប បានណែនាំអោយក្រុមកាងារចុះជួយមូលដ្ឋាន ត្រូវបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ
សៀមរាប៖ អភិបាលខេត្ដសៀមរាប បានណែនាំអោយក្រុមកាងារចុះជួយមូលដ្ឋាន ត្រូវបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅក្នុងឃុំសង្កាត់ អោយបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ និងពង្រឹកកិច្ចការងារទាំងនោះអោយជាប់ជាប្រចាំ ដើម្បីអោយពលរដ្ឋមានជំនឿទៅលើគណបក្សប្រជាជនកម្ពុជា ជាពិសេសធ្វើយ៉ាងណាអោយពួកគាត់មានភាពងាយស្រួលទៅចូលរួមបោះឆ្នោតនិតិកាលទី៦ឆ្នាំ២០១៨នេះ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារចុះជួយមូលដ្ឋាន របស់គណបក្សប្រជាជននៅមន្ទីរបក្សខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះថា៖ នាពេលបច្ចុប្បន្ននេះ នៅតាមមូលដ្ឋានឃុំសង្កាត់ ក៍ដូចជានៅទីក្រុងសៀមរាបទាំងមូល កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ នៅលើគ្រប់វិស័យទាំងផ្លូវថ្នល់និងប្រព័ន្ធធារាស្ដ្រ ដែលសមិទ្ធិផលទាំងនេះ បានកើតឡើងដោយសារស្នារដៃ នៃការដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជាប្រធាន គណបក្ស ដូចនេះ ក្រុមកាងារចុះជួយតាមមូលដ្ឋានត្រូវបន្ដយកចិត្ដទុកដាក់បន្ថែមទៀត។ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនៅមូលដ្ឋាន យល់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើអោយពួកគាត់មានជីវភាពធូរធា។
ឯកឧត្ដមបានរំឭកក៏ដូចជាផ្តាំផ្ញើរដល់ក្រុមការងារបក្សត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាជំរុញការត្រួតពិនិត្យឯកសារបញ្ជាក់សញ្ញាណបម្រើឱ្យការបោះឆ្នោតជូនសមាជិកបក្សដែលគ្មាន ឬបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ក្នុងការបោះឆ្នោត។ ឯកឧត្ដម បានបន្ដថា៖ មានប្រជាពលរដ្ឋមួយចំនួនបាត់បង់អត្ដសញ្ញាណបណ្ណ ដែលធ្វើអោយពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត និងមួយចំនួនទៀត មិនទាន់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះអត្តសញ្ញាណបណ្ណជាវត្ថុដ៏សំខាន់បំផុត បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
មួយគ្នានោះដែរ ឯកឧត្ដម ក៍បានក្រើនរំលឹកដល់ក្រុមការងារ ត្រូវត្រៀមមធ្យោបាយ និងសម្ភារៈដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតដ៏ខ្លីខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។ ត្រូវបន្តរួមគ្នាពង្រីកសមាជិកបក្សថ្មីបន្ថែម សំដៅពង្រីកសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានច្រើន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។
យើងត្រូវខិតខំបន្តពន្យល់ប្រជាពលរដ្ឋពីការខិតខំស្វែងរកសន្តិភាព រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ប្រធានក្រុមការងារចុះជួយមូលដ្ឋានតាមឃុំ-ភូមិ ត្រូវរៀបចំកែលម្អ និងលើកបន្ថែមនូវស្លាកគណបក្សប្រជាជនកម្ពុជា បដាពាក្យស្លោក និងរូបភាពសមិទ្ធផលនានា នៅតាមទីស្នាក់ការគណបក្ស ក៏ដូចជាតាមទីសាធារណៈឱ្យបានត្រឹមត្រូវតាមការណែនាំ។ ត្រូវពន្លឿនការផ្ដល់បណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សឱ្យបានគ្រប់គ្នា។ ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព៕ ដោយ ស៊ាន សុផាត