ក្រុមហ៊ុន Siemens គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញថាមពលរបស់កម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រសិទ្ធភាពនៃបណ្តាញតភ្ជាប់អគ្គីសនី
ក្រុមហ៊ុន Siemens គឺជាក្រុមហ៊ុនខ្នាតអន្តរជាតិខាងផ្នែកវិស្វកម្មអគ្គិសនី ដែលផ្គត់ផ្គង់ថាមពល បណ្តាញបញ្ជូន ការចែកចាយថាមពល និងការតភ្ជាប់បណ្តាញអគ្គិសនីជាតិ ក្នុងគោលបំណងធ្វើឲ្យ ការប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព។ ការបង្ហាញពីគម្រោងបណ្ដុះបណ្ដាលនោះ ធ្វើឡើងដោយ នាយកប្រតិបត្តិ ក្រុមហ៊ុន Siemens Pte.Ltd លោក Armin Bruck ក្នុងពេលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងរ៉េ និងថាមពល លោក អ៊ិត ប្រាំង ។
ក្នុងជំនួបពិភាក្សានៅព្រឹកថ្អៃ២៥មិថុនានេះ លោក អ៊ិត ប្រាំង បានបញ្ជាក់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល នៅប្រទេសសកម្ពុជាដែលមានតម្រូវការបច្ចេកវិទ្យាទំនើប ក្នុងការផលិតថាមពលដោយផ្តោតសំខាន់លើប្រភពថាមពលធ្យូងថ្ម និងថាមពលសូឡា។
ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Siemens បានន្យាថា ក្រុមហ៊ុននឹងផ្តល់វគ្គបណ្តុះបណ្តាល ដល់មន្រ្តីជំនាញថាមពលរបស់ក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់អគ្គីសនី ព្រមទាំងចែករំលែកបទពិសោធន៍ជោគជ័យនៃការ អភិវឌ្ឍវិស័យថាមពល របស់ប្រទេសសមាជិកASEAN ដែលទទួលបានការសហការ វិនិយោគពីក្រុមហ៊ុន Siemens នាអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។