សមត្ថកិច្ចចម្រុះខេត្តរតនគិរី បានចុះរឹបអូសឈើ៣ប្រភេទមានជាង៤០កំណាត់ និងបើតាមការប៉ាន់ប្រមាណមានមិនក្រោមពី៣០ម៉ែត្រគូបត្រីគុណនោះទេ!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តរតនគិរី៖ ឈើប្រណិតខុសច្បាប់៣ប្រភេទ មានជាង៤០កំណាត់ ដែលគេដឹងថា មានតម្លៃច្រើនពាន់ដុល្លារអាមេរិក ដែលក្រុមឈ្មួញបានធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ ត្រៀមដឹកចេញតាមរថយន្តខ្នាតយក្សធុនធំៗ នាំឆ្លងដែនពីកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាប និងរឹបអូសយកទៅរក្សាទុកជាសម្បត្តិរដ្ឋ។
  ប្រតិបត្តិការចុះរឹបអូសឈើប្រណិតខុសច្បាប់ ដែលមានមុខកាត់ធំៗ និងមានប្រវែង វែងៗនោះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៤មិថុនាម្សិលមិញ ក្រោមកិច្ចសហការណ៍ រវាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកូនមុំ ដោយមានការសម្របសម្រួលនៅក្នុងការចុះបង្ក្រាបឈើនោះ ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តរតនគិរីផងនោះដែរ។ រីឯទីតាំងរឹបអូសឈើទាំងនោះ គឺនៅជិតអតីតដីក្រុមហ៊ុន៩៥ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
  មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យដឹងថា ឈើជ្រុងទាំងនោះប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា មានឈ្មួញ១ក្រុមបានលបលួចធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃនានា នៅក្នុងដែនព្រៃស្រុកកូនមុំ ហើយបានដឹកយកមកលាក់ទុកក្នុងព្រៃ ចំនួន៣ទីតាំងនៅដាច់ដោយឡែកពីគ្នា នៅក្នុងភូមិសាស្ត្រភូមិ១ ជិតអតីតដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៩៥។ ហើយបើតាមគេស្មានមិនខុសទេ ក្រុមឈ្មួញអាចនឹងដឹកជញ្ជូនឈើទាំងនោះ នាំឆ្លងដែនពីខេត្តរតនគិរី ប្រទេសកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាម នៅក្នុងពេលាមួយដ៏សមស្របដែលពួកគេអាចធ្វើទៅបាន។ ប៉ុន្តែ ឈើទាំងនេះត្រូវបានបង្ក្រាប និងរឹបអូស ក្រោយពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទទួលបានបទបញ្ជាពីមន្ត្រីជាន់ខ្ពស់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីទទួលបានការរាយការថា បទល្មើសធនធានធម្មជាតិ កំពុងតែកើតមាននៅក្នុងស្រុកកូនមុំ ខេត្តរតនគិរីនោះមក។
  នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ លោក ហុង វណ្ណរាន បានប្រាប់ឲ្យដឹងថា ឈើជ្រុងដែលរងការបង្ក្រាប និងរឹបអូសនៅពេលនោះ មាន៣ប្រភេទជាប្រភេទឈើលេខ១ គឺឈើកកោះ ឈើសុក្រំ និងឈើស្រឡៅ មានមុខកាត់ចាប់ពី៤០ដល់៦០សង់ទីម៉ែត្រ និងមានប្រវែង៣ដល់៦ម៉ែត្រ មានចំនួន៤៣កំណាត់ ឈើទាំងនេះត្រូវបានគេដឹកយកមកលាក់ទុកក្នុងព្រៃ គឺជាឈើសន្និធិ ឈើគ្មានម្ចាស់នោះទេ។ លោកថា ផ្អែកទៅតាមស្ថានភាពជាក់ស្តែង ឃើញថា រដូវនេះជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ ចំពោះឈើទាំង៣ទីតាំងនេះ យើងអាចយកចេញពីព្រៃបានទៅលើទីតាំងទី១ គឺយកបានទាំងលំបាក តែទោះជាយ៉ាងណា ក៏ក្រុមការងារនៅតែតស៊ូយកឲ្យបាន។ ដោយឡែក គំនរឈើនៅពីរទីតាំងទៀត គឺមិនអាចយកបាននៅពេលនេះទេ តែយើងនឹងព្យាយាមយកនៅពេលមេឃរាំងផ្លូវស្ងួតស្រួលយក។ លោកថា លោកមិនទុកឈើទាំងនោះចោលទេ ព្រោះមានឯកសារបង្ក្រាបត្រឹមត្រូវ ហើយលោកនឹងស្នើទៅអាជ្ញាធរមូលដ្ឋានស្រុក ឲ្យជួយចាត់កម្លាំងចុះជួយយាមកាម នៅពេលដែលភ្លៀងរាំង ឬផ្លូវស្ងួតយើងនឹងយកឲ្យទាល់តែអស់។ ក្រោយការបង្ក្រាប និងរឹបអូសនោះរួច ឈើនៅទីតាំងទី១ កម្លាំងសមត្ថកិច្ចកំពុងធ្វើការដឹកជញ្ជូន យកទៅរក្សាទុកនូវសង្កាត់រដ្ឋបាលព្រៃឈើកូនមុំ។ ចំណែក ពីរទីតាំងទៀត ដែលមិនទាន់អាចធ្វើការប្រមូល និងដឹងជញ្ជូនបាននោះ អាជ្ញាធរស្រុកកូនមុំ កំពុងដាក់កម្លាំងការពារឈើទាំងនោះ មិនឲ្យឈ្មួញដឹកជញ្ជូនយកទៅលក់បាននោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner