ឯកឧត្ដម សេង ស៊ីណារិន្ទ បានប្រាប់ ប្រជាជនកម្ពុជា កុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនមិនឱ្យទៅបោះឆ្នោត
ឯកឧត្ដម សេង ស៊ីណារិន្ទ បានប្រាប់សមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនមិនឱ្យទៅបោះឆ្នោត ការឃោសនានេះជាការបំផ្លាញដំណើរការលទ្ធិប្រជាធិប្បតេយ្យនិងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា
ឯកឧត្ដម សេង ស៊ីណារិន្ទ ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនិងជាសមាជិកគណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា មានប្រសាសន៍ដូចនេះក្នុងខណៈអញ្ចើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយ សមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាក្នុងឃុំអំពៅព្រៃចំនួន៣៦៧៤នាក់ ព្រឹកថ្ងៃទី២៤ មិថុនា។
ឯកឧត្ដម បានបញ្ជាក់ថា ការដែលសមាជិកសមាជិការអញ្ចើញទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាក៍ដូចជាបោះឆ្នោតដើម្បីខ្លួនយើងគ្រួសារយើង និងសង្គមជាតិរបស់យើងឱ្យមានសុខដុមរមណី និងការរីកចំរើនការពារសុខសន្តិភាព និងការអភិវឌ្ឍ ដែលមានសព្វថ្ងៃនេះ ជាពិសេសឆ្លើយតបនិងគុណបំណាច់ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីការកាប់សំលាប់ក្នុងរបប ប៉ុលពត។
គណៈបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសដើរលើផ្លូវត្រូវមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យមានការរៀបចំការបោះឆ្នោត (គជប) ដោយត្រឹមត្រូវតាមលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអណត្តិតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
នៅកម្ពុជាដំណើរការបោះឆ្នោតកន្លងមកមិនមានការពន្យាពេលឬផ្អាកការបោះឆ្នោតម្ដងណានោះទេសម្រាប់អណត្តិទី៦នេះដំណើរការបោះឆ្នោតប្រព្រឹត្តទៅតាមការគ្រោងទុកតាមប្រតិទិនរបស់ (គជប) នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ មានគណៈបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត២០បក្ស ដែលឆ្លុះបញ្ចាំងពីដំណើរការលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដនៅកម្ពុជានាបច្ចុប្បន្ននេះ។ ឯកឧត្ដម សេង ស៊ីណារិន្ទ បានអំពាវនាវដល់មន្រ្តីបក្សជួយជម្រុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នាដែលមានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ បន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើនដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក។
គួរបញ្ជាក់ដែរថា ឯកឧត្តម សេង ស៊ីណារិន ប្រធានគណៈពង្រឹង និងក្រុមការងារឃុំអំពៅព្រៃ បានកសាងអភិវឌ្ឍន៍នៅក្នុងឃុំអំពៅព្រៃ មានហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយ លូស្ទាក់ទឹក ភ្លើងអគ្គីសនីដាក់បំភ្លឺតាមដងផ្លូវ។ កសាងមណ្ឌលសុខភាព រួមទាំងការឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈបរិក្ខាមួយចំនួនបម្រើវិស័យសុខាភិបាល។ កសាងសាលារៀន របងវត្ត សាលាបុណ្យ និងសមិទ្ធផលនានាជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ២០១៨នេះ បានជួសជុល និងពង្រីកផ្លូវថ្នល់ប្រវែង ៥៦៣៥ម៉ែត្រ ហើយនិងបន្តធ្វើផ្លូវថ្មី និងផ្លូវនៅសេសសល់មិនទាន់បានធ្វើបន្តទៀត អស់ទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លាអាមេរិក។ គិតចាប់តាំងពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ន ឯកឧត្តម សេង ស៊ីណារិន ប្រធានគណៈពង្រឹង និងក្រុមការងារឃុំអំពៅព្រៃ បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ដោយចំណាយអស់ទឹកប្រាក់សរុប ៩៧៦ ១១៣ , ៩១ដុល្លាអាមេរិក។