ឯកឧត្តម សាយ សំអាល់បញ្ជាក់ថា ទំរាំយើងរកបានសន្តិភាព កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ
ខេត្តត្បូងឃ្មុំ៖ នៅចំពោះមុខប្រជាពលរដ្ឋក្នុងឃុំទួលសូភី ស្រុកអូររាំងឪ ខេត្បូងឃ្មុំ នៅថ្ងៃសៅរិ៍ ១១កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ ទំរាំមានសន្តិភាពដូចសព្វថ្ងៃ។ ឯកឧត្តម បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេង ដែលយើងត្រូវតែរួបរួមគ្នាថែរក្សា ព្រោះកម្ពុជា បានឆ្លងកាត់សង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាព និងអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ថ្លែងក្នុងពិធីខាងលើនេះ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម សាយ សំអាល់ បានចែកជូនថវិកា និងសម្ភារៈមួយចំនួន របស់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ និងរបស់ឯកឧត្តមផ្ទាល់ ជូនប្រជាពលរដ្ឋចូលរួម និងជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខផងដែរ៕