អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រាប់សមាជិបក្សថ្មីក្នុងស្រុកខ្សាច់កណ្តាល ចំនួន ១,៦១០ នាក់ ថា មានសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តី គឺមានសុខសន្តិភាព និងការអភិវឌ្ឍ

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ១,៦១០ នាក់នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១១ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអំពាវនាវឱ្យ សមាជិក-សមាជិកាបក្សថ្មីចំនួន ១,៦១០ នាក់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹក ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក-សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកខ្សាច់កណ្តាល ទាំងអស់ ដោយគូសបញ្ជាក់ថា ប្រទេសកម្ពុជាបាន និងកំពុងមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ, ទាំងទីក្រុង និងជនបទ, ព្រោះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយមានតែគណបក្សប្រជាជនកម្ពុជា   តែមួយគត់ ដែលតែងតែនៅជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដើម្បីដោះស្រាយការលំបាក, សេចក្តីត្រូវការ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។

គួរបញ្ជាក់ផងដែរថា, នេះជាលើកទី ២ ហើយដែលលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សថ្មីនៅក្នុងស្រុកខ្សាច់កណ្តាល, ដោយលើកទី ១ ជួបសមាជិកបក្សថ្មីចំនួន ១,៧៦៧ នាក់, ក្នុងនោះមានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៤៧១ នាក់, ហើយការជួបលើកទី ២ នេះមានសមាជិកបក្សថ្មីចំនួន ១,៦១០ នាក់, ក្នុងនោះមានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៣៤៦ នាក់ផងដែរ ។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំកុំមានការ រើសអើងណាមួយចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ និងបន្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកបក្សដទៃដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ចុងបញ្ចប់នៃអង្គពិធី, លោកអគ្គបណ្ឌិតសភាចារ្យ បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទូទាំងស្រុកខ្សាច់កណ្តាល ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែ   កក្កដា ខាងមុខនេះ ដើម្បីធានាឱ្យប្រទសកម្ពុជាមានឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ, ប្រជាធិបតេយ្យ និងនីតិរដ្ឋ, សុខសន្ដិភាព និងស្ថិរភាពសង្គម, ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ដូច្នេះ, ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតដើម្បីខ្លួនយើង, គ្រួសារយើង, និងសង្គមជាតិរបស់យើងទាំងមូល ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner