សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយអបអរសារទ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

 ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោបានសម្តែងក្តីរីករាយអបអរសារទ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារនេះ។សម្តេចថា ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីវិស័យឯកជនបាននោះឡើយហើយរដ្ឋបានប្រើប្រាស់ពន្ធដែលបានពីការវិនិយោគរបស់វិស័យឯកជនទាំងនោះសម្រាប់បម្រើទៅវិស័យសាធារណៈនិងសម្រាប់ការបើកប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងជាដំបូងត្រូវមើលឃើញជាងគេគឺកម្លាំងប្រដាប់អាវុធដែលមានកងទ័ពនិងនគរបាល ដែលកំពុងការពារជាតិនិងសន្តិសុខជូនប្រជាជនរាល់ថ្ងៃ ដូច្នេះបើពុំមានការបង់ពន្ធពីវិស័យឯកជនទេ តើរដ្ឋបានប្រាក់មកពីណាដើម្បីចិញ្ចឹមគ្រូបង្រៀនដែលបង្រៀនកូនប្រជាជន ដើម្បីចិញ្ចឹមគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ ដើម្បីចិញ្ចឹមកងទ័ពនិងនគរបាលដែលកំពុងការពារជាតិនិងសន្តិសុខជាតិ។
សម្តេចបន្តវាថាមិនខុសទេ ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និងការចូលរួមរបស់ប្រជាជនក្នុងការសប្បាយរីករាយចំពោះសមិទ្ធិផលដែលវិស័យឯកជនកសាងឡើងដែលក្នុងនោះក្រៅពីអ្នកទទួលបានការងារផ្ទាល់ធ្វើរាប់រយនាក់, ប្រជាពលរដ្ឋក៏នឹងទទួលបានប្រយោជន៍ដោយប្រយោលពីការបង់ពន្ធជូនរដ្ឋនោះដែរ ទោះបីជាមិនមែនជាសមិទ្ធិផលរបស់នាយករដ្ឋមន្ត្រីរបស់មន្ត្រីណាក៏ដោយ ប៉ុន្តែជាសម្បត្តិ របស់លោកឧកញ៉ាលីយ៉ុងផាត់និងក្រុមគ្រួសារក៏ប៉ុន្តែសមិទ្ធផលនេះបានបំពេញនិងផ្ដល់ការរីកលូតលាស់របស់ប្រទេសមួយនឹងផ្ដល់ប្រាក់ចំណេញពន្ធសម្រាប់រដ្ឋផងដែរ។
   សម្តេចតេជោ បញ្ជាក់ថា វត្តមានសួនសត្វភ្នំពេញសាហ្វារីនេះ មិនត្រឹមតែជាកន្លែងរួមចំណែកទាក់ទាញភ្ញៀវទេសចរនោះទេ តែក៏បានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរដែរ។ សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅលេងកម្សាន្តនៅកន្លែងផ្សេងៗនោះ សូមនាំគ្នាមកលេងកម្សាន្តនៅសួនសត្វដ៏ធំជាងគេរបស់កម្ពុជាមួយនេះ។
  សម្ដេចតេជោក៏បានរំឭកផងដែរថាមុននេះតំបន់ទាំងនេះគឺជាកន្លែងសមរភូមិខ្មែរក្រហមយកធ្វើជាទីតាំងដើម្បីវាយចូលក្រុងភ្នំពេញនិងក្រោយមកជាតំបន់ចំការឪឡឹក។
សម្ដេចបានថ្លែងទៀតថាតំបន់នេះនឹងក្លាយទៅជាតំបន់ប្រវត្តិសាស្រ្តក្រៅតែពីសួនសត្វដ៏ធំនេះយើងនៅមានស្តាតដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣បន្ថែមពីលើនេះនៅតំបន់នេះក៏នៅមានវិមានឈ្នះឈ្នះមួយដ៏ធំដែលនៅថ្ងៃទី២៩ធ្នូខាងមុខនេះយើងនឹងធ្វើបុណ្យដ៏ធំមួយដើម្បីបញ្ជាក់ពីការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះរបស់កម្ពុជាផ្ទាល់តែម្ដង។
 សម្តេចថា សមិទ្ធផលដែលកម្ពុជាកំពុងតែមាននេះ មិនមែនកើតឡើងដោយឥតព្រាងទុកនោះទេ តែបានកើតចេញពីការប្រឹងប្រែងយ៉ាងលំបាកបំផុតក្រោយពីប្រទេសត្រូវបានរំដោះឆ្នាំ១៩៧៩មក។ហើយថាកម្ពុជាទើបបានអភិវឌ្ឍន៍ពេញលេញត្រឹមរយៈពេល២០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨តាមនយោបាយឈ្នះឈ្នះ។

ជាថ្មីទៀតសម្តេចតេជោ បានបញ្ជាក់ថា ទោះតម្លៃណាក៏ដោយត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ការធានាបាននូវសុខសន្តិភាព និងធានាបាននូវការអភិវឌ្ឍ។
សម្តេចបញ្ជាក់ថា ដើម្បីធានាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ជាការស្រេច៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner