សហរដ្ឋអាមេរិកបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅរ៉ុស្ស៊ី ដើម្បីពិភាក្សាអំពីការរៀបចំជំនួប រវាងមេដឹកនំាប្រទេសទំាងពីរ
(វ៉ាស៊ីនតោន)៖ ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសម ភាគីរ៉ុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អាចនឹងកើតមានឡើងឆាប់ៗខាងមុខនេះហើយ ក្រោយពេលសហរដ្ឋអាមេរិកនឹងបញ្ចូនមន្ត្រីជាន់ខ្ពស់មួយរូប ទៅកាន់ទីក្រុងម៊ូស្គូ ដើម្បីពិភាក្សាអំពីការរៀបជំនួបរវាងមេដឹកនំាប្រទេសទំាងពីរ ។
ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានលើកឡើងថា ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក ចន បូតុន ត្រូវបានលោក ដូណាល់ ត្រាំ ប្រាប់ឲ្យត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងម៊ូស្គូនាសប្តាហ៍ក្រោយនេះ ដើម្បីបំពេញទស្សនៈកិច្ចរយៈ ពេល៣ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមិថុនាខាងមុខ ក្នុងគោលបំណងត្រួសត្រាយផ្លូវទៅរកជំនួបកំពូលរវាងលោក ត្រាំ និងលោក ពួទីន ។
ដោយឡែករដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ីលោក ស៊ឺហ្គៃ ឡារ៉ូវ បានគូសបញ្ជាក់ថា រ៉ុស្ស៊ី ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទាក់ទងជាមួយសហរដ្ឋអាមេរិក ហើយថា សម្រាប់ ជំនួបរវាងលោក ពូទីន និងលោក ត្រាំ អាចនឹងកើតមានឡើង ឬយ៉ាងណានោះ គឺ ត្រូវរង់ចាំលទ្ធផលនៃដំណើរទស្សនៈកិច្ចលោក បូតុន នៅទីក្រុងម៊ូស្គូ ជាមុនសិន ខណៈវាក៏នឹងក្លាយជាឱកាសផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញផង ដែរ ៕