អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ របាយការណ៍ផ្លូវការបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បញ្ជាក់ថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ ខ្លួនបានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានជាង១ពាន់លានដុល្លារអាមេរិក កើនឡើងជាង១២ភាគរយ ។ របាយការណ៍ប្រមូលចំណូល ពន្ធនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃសុក្រ ១០កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អធិបតីភាពរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធដារ ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ វិបុល បានបង្ហាញថា រយៈពេល៥ខែដើមឆ្នាំ២០១៨នេះ ពោលគឺ ចាប់ពីខែមករា ដល់ខែឧសភា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ៤,១៧១.៨២ ប៊ីលានរៀល (ប្រមាណជា១,០៤២.៩៦លានដុល្លារអាមេរិក) ឬស្មើនឹង ៥៤,២៣% ។ ប្រសិនបើប្រៀបធៀបនឹង៥ខែដើមឆ្នាំ២០១៧ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុងរយៈពេល៥ខែឆ្នាំ២០១៨ កើនឡើងចំនួន ៤៥២.០៥ ប៊ីលានរៀល (ប្រមាណ១១៣លានដុល្លារអាមេរិក)ស្មើនឹង១២.១៥% ។ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយ ច្បាប់ ។
ដោយឡែកក្នុងខែឧសភា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៣៧.៣៧ ប៊ីលានរៀល (ប្រមាណជា១៣៤.៣៤លានដុល្លារអាមេរិក) ស្មើនឹង ៦.៩៨% នៃផែនការច្បាប់ឆ្នាំ២០១៨។ ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែឧសភា ឆ្នាំ២០១៧ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែឧសភា ឆ្នាំ២០១៨ កើនឡើងចំនួន ៦៥.៩២ ប៊ីលានរៀល (ប្រមាណ ១៦.៤៨ លានដុល្លារអាមេរិក) ស្មើនឹង ១៣.៩៨% ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកក៏បានណែនាំបន្ថែមដល់គ្រប់អង្គ ភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយ ផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner