និស្សិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,២៣៣នាក់។ ពិធីប្រគល់សញ្ញាបត្រនេះបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

និស្សិតជ័យលាភីទទួលសញ្ញាបត្រនៅព្រឹកនេះមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ គិតចាប់តាំងពីឆ្នាំ១៩៩៨មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីនានារបស់សាកលវិទ្យាភូមិន្ទភ្នំពេញសរុប ២២លើកហើយ។
     ចាប់ពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ៤៤,៥២៤នាក់ មាននារី ១៥, ៥៤៩នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៧,៩៣៥នាក់ មាននារី ៤,៩៩៧ នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ និសិ្សតកំពុងសិក្សាមានចំនួនសរុប ១៩,៥៩៩នាក់ មាននារី ៩,៥១៤នាក់។
  ដើម្បីពង្រឹងគុណភាពអប់រំសកលវិទ្យាល័យបានធ្វើ សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យជាដៃគូចំនួន 17 និងកំពុងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនិងស្ថាប័នផ្សេងៗចំនួន 150 ទូទាំងពិភពលោកដើម្បីធ្វើការផ្លាស់ប្ដូរនិស្សិតនិងសាស្រ្តាចារ្យលើការងារសិក្សាការងារបង្រៀននិងការងារស្រាវជ្រាវស្របតាមតម្រូវការជាក់ស្ដែងនៃកម្មវិធីសិក្សានីមួយៗបន្ថែមពីនេះទៀតសកលវិទ្យាល័យក៏បានសហការជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីកៀងគរជំនួយសម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យផងដែរ។
  សម្តេចតេជោបានមានប្រសាសន៍ទៅកាន់និស្សិតជ័យលាភីក្នុងសំឡេងដើមយ៉ាងដូច្នេះថា÷…
 សម្តេចបានវាយតំលៃខ្ពស់និងបានចាត់ទុកថានេះជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្សរបស់យើងនិងបានចាត់ថាសាកលវិទ្យាល័យភ្នំភូមិន្ទភ្នំពេញនៅតែជាសាកលវិទ្យាល័យដែលមានសមត្ថភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ប។ បន្ថែមពីនោះវិស័យឯកជនក៏បានបន្តការខិតខំរបស់ខ្លួននៅក្នុងគ្រប់កំណែទម្រង់នានារបស់ក្រសួងអប់រំយុវជននិងកីឡា។
 សម្ដេចពិតជាមានមោទនភាពដែលយើងបានខិតខំរួមគ្នាដើម្បីបើកសាកលយាល័យនេះឡើងវិញពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ហើយនៅដំណាក់កាលចុងក្រោយនេះសកលវិទ្យាល័យមិនបានធ្វើឲ្យយើងលំបាកទេក្នុងដំណើរការរបស់ខ្លួនដោយបានយកសាកលវិទ្យាល័យចិញ្ចឹមសកលវិទ្យាល័យតាមរយៈការផ្ដល់ឱកាសឱ្យសាកលវិទ្យាល័យសម្រាប់ផ្ដល់អាហារូបករណ៍របស់រដ្ឋផងនិងសម្រាប់ការបង់ថ្លៃផងគឺមិនគ្រាន់តែបានលើកកម្ពស់ជីវភាពសាស្ត្រាចារ្យបុគ្គលិកបម្រើការនៅទីនោះទេនិងលើពីនេះសាកលវិទ្យាល៏យក៏បានកសាងអគារនានាបន្ថែមទៀតផងដែរ។
  ទោះជាយ៉ាងណាក៏ដោយសម្តេចជាថ្មីម្តងទៀតបានថ្លែងអំណរគុណដល់ការចូលរួមពីវិស័យឯកជនព្រោះថាប្រសិនបើគ្មានវិស័យឯកជនចូលរួមទេសាកលវិទ្យាល័យនេះច្បាស់ជាមានការលំបាកដោយការទ្រទ្រង់ពីថវិកាជាតិហើយសម្ដេចបានប្រៀបធៀបថានៅលើពិភពលោកនេះមានមិនច្រើនទេនៅសេះសល់ដែលរដ្ឋគ្រប់គ្រងទាំងស្រុងនូវការចិញ្ចឹមសាលានោះ។ពិតហើយនៅក្នុងប្រទេសរបស់យើងវិទ្យាស្ថានជាតិគ្រប់គ្រងត្រូវបានផ្ដល់ថវិកាជាតិទាំងស្រុងដែលមិនអាចឲ្យឯកជនទេព្រោះនេះជាកន្លែងបណ្តុះបណ្តាលគ្រូ។
  សម្ដេចតេជោក៏បានលើកទឹកចិត្តដល់ធនាគារទាំងឡាយដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតមានលទ្ធភាពខ្ចីប្រាក់ដើម្បីធ្វើការរៀនសូត្របន្តហើយជាមួយនោះសកលវិទ្យាល័យក៏ដូចគ្នាដែរដើម្បីពិនិត្យមើលថាតើសាកលវិទ្យាល័យនឹងមានលទ្ធភាពយ៉ាងណាដើម្បីឲ្យនិស្សិតបានខ្ចីលុយដើម្បីរៀនបន្តសម្រាប់និស្សិតរៀនបង់ថ្លៃបង់ថ្លៃ។
  សម្ដេចក៏បានជំរុញដល់និស្សិតជ័យលាភីបន្តការសិក្សាប្រឹងប្រែងបន្ថែមទៀតដោយគ្រាន់តែយើងមានសញ្ញាបត្រប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេយើងត្រូវតែបន្តទៀតហើយថាគ្មានការចេះដឹងណាមួយដែលនៅទ្រឹងមួយកន្លែងនោះទេ ។
    សម្តេចតេជោក៏បានអំពាវនាវដល់សកលវិទ្យាល័យទាំងអស់ធ្វើយ៉ាងណាផ្ដល់ឱកាសឲ្យនិស្សិតដែលបានចុះឈ្មោះបោះឆ្នោតបានឈប់រយៈពេល៣ថ្ងៃដើម្បីទៅបោះឆ្នោតថ្ងៃ២៩កក្តដាខាងមុខ។
ទាក់ទងការបោះឆ្នោតសម្តេចតេជោ  បានប្រាប់ទៅនិស្សតថា វាអស់សំណើចណាស់ ដែលគណបក្សរហូតដល់ទៅ២០ចូលរួមប្រកួតប្រជែងបែរជាពួកបរទេសមួយក្រុមគេចោទថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យទៅវិញ។ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើអ្នកចូលរួមប្រកួតប្រជែង និងអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងបំផ្លាញការបោះឆ្នោត តើនរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យ ។
សម្តេចតេជោបានបញ្ជាក់ថាអ្នកបំផ្លាញប្រជាធិបតេយ្យគឺអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត អ្នកដែលចង់បំផ្លាញការបោះឆ្នោត។ ដោយឡែកអ្នកដែលប្រឹងប្រែងការពារ និងសម្របសម្រួលឲ្យមានការបោះឆ្នោត គឺជាអ្នកការពារប្រជាធិបតេយ្យ។
ពីវេទិការនេះដែរ
សម្តេចតេជោបានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨តទៅ ថ្លៃប្រេងនឹងចុះតម្លៃ ១៦០រៀល ដោយក្នុងនោះរដ្ឋជួយចេញ ២សេន និងស្ថានីយប្រេងនានា ២សេន ដើម្បីទប់កុំឲ្យតម្លៃប្រេងឡើងថ្លៃ។ ការជួយអន្តរាគមន៍របស់រដ្ឋនាពេលនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយថា ការបញ្ចុះនេះគឺសម្រាប់តម្លៃប្រេងសាំងនឹងនៅក្រោម៤០០០រៀលក្នុងមួយលីត្រ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner